ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវរកឃើញ និង ចាប់ជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលជាមុខសញ្ញាចែកចាញគ្រឿងញៀនដ៏សកម្ម មានឈ្មោះឌួង ងុឹង ហៅងុឹង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
លោកស៊ុន សុផាតបានបញ្ជាក់ថា៖ មុខសញ្ញាឈ្មោះដួង ង៉ឹង នេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ពីបទជួញដូរថ្នាំញៀន ហើយតុលាការ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន តែមិនបានចូលខ្លួនតាមអំណាចដីកា ឡើយ។ រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ តុលាការ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែមុខសញ្ញាបានគេចខ្លួនបាត់មួយរយៈ។ លុះដល់ថ្ងៃទី២៩ខែមេសានេះ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងចាប់ខ្លួនបាន ។