កំពង់ធំៈ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈពេលដែលបានតាមម្តាយទៅរាវខ្ចៅខ្ចង នៅឯស្រែទុកកូនតូចៗអោយនៅជុំគ្នា២ ទៅ៣នាក់ តែអកុសលក្មេងប្រុសនាំគ្នាចោះលេងទឹកជ្រៅ បណ្តាលឲ្យលង់ទឹកប្រឡាយស្លាប់តែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលម៉ោង៣ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំនុចប្រឡាយទឹកក្រោយផ្ទះ ស្ថិតក្នុងន់អភិវឌ្ឍន៍ តាសុក សាន ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្មេងរងគ្រោះឈ្មោះ ប៉ុន លីហ័រ ភេទប្រុស អាយុ ៤ឆ្នាំ ឪពុកឈ្មោះពុំ ប៉ុក ភេទប្រុស អាយុ31ឆ្នាំ និងម្តាយឈ្មោះ វ៉េ វិត អាយុ30ឆ្នាំ ភូមិចតុលោក ឃុំបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលបាននាំកូន ព្រមទាំងក្មួយទៅ រាវខ្ចងខ្ចៅនៅប្រឡាយទឹកក្រោយភូមិ ហើយទុកកូនឲ្យនៅលេងក្នុងរោងជាមួយក្មេងៗពីរទៅបីនាក់តូចៗដូចគ្នា តែករណីគ្រោះថ្នាក់ដល់ជីវិតនោះ ដោយសារក្មេងរងគ្រោះចុះលេងទឹកជាមួយឃ្នីគ្នា តែក្មេងរងគ្រោះបានចុះទៅកន្លែង ជ្រៅ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកុសលវិច្ច័យលើសាកសពរួចសន្និដ្ឋានថាពិតជាស្លាប់ដោយលង់ទឹកមែន ទើបប្រគល់សាកសពជូនឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណីនិងអំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗរបស់ខ្លួនអោយមានការប្រុងប្រយ័ត្នខ្ពស់កុំប្រហែលដូច្នេៈទៀត៕ដោយ ប៊ុន រដ្ឋា



































