ភ្នំពេញ ៖យ៉ាងហោចណាស់មនុស្ស១នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស ប្រុសស្រី១២នាក់ទៀតបានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាយ៉ាងពេញទំហឹងជាមួយរ៉ឺម៉កកង់បី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីយប់ ថ្ងៃទី៩មិថុនា ២០១៤ នៅតាមបណ្តោយផ្លូវ១៥១ ស្តិតនៅក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ ។
សពយុវជនរងគ្រោះខាងលើឈ្មោះ រ៉ា សីហាអាយុ២២ឆ្នាំ រស់នៅក្នុងភូមិបាក់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧត្តុងខេត្តកំពង់ស្ពឺ ។ចំណែកមនុស្សប្រុសស្រី១២នាក់ទៀតសមត្ថកិច្ចមិនទាន់ស្គាលអត្តសញ្ញានៅឡើយទេ។
លោកស៊ិន សុវណ្ណនាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរជើងគោកខណ្ឌសែនសុខបានឱ្យដឹងថាមុនពេលកើតហេតុមាន យុវជនម្នាក់បើកម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CD- 4288 ដែលមានឌុបនារីម្នាក់ជាសង្សារបានធ្វើដំណើរយ៉ាងលឿនតាមផ្លូវ១៥៥ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុដោយសារតែផ្លូវងងឹតផងនោះជនរងគ្រោះក៏បើកម៉ូតូទៅបុករ៉ឺម៉កកង់បីដែលមានដឹកកម្មកររោងចក្រមានប្រុសមាន ស្រី ចំនួន១១នាក់ដែលធ្វើដំណើរតាមផ្លូវ១៥១ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្តាលឱ្យយុវជនបើកម៉ូតូស៊ុយហ្ស៊ូគីឡែតបែកក្បាលធ្លាយខួរស្លាប់ឱបជាប់និងម៉ូតូ ឯនារីជាសង្សារបានរងរបួសធ្ងន់ធ្ងរចំណែកអ្នកជិះលើរ៉ឺម៉កកង់បីបានរងរបួសធ្ងន់០២នាក់និងស្រាល៩នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកសពត្រូវបានសាច់ញាត្តមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយកម៉ូតូនឹងរ៉ឺម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញរងចាំការដោះស្រាយ ៕