កំពត: ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ នេះ អាជ្ញាធរខេត្តបានព្រមានចាត់វិធានការច្បាប់តឹងរឹងប្រឆាំងនឹងជនសង្ស័យឈ្មោះ ប៉ាវ ប៊ុនថា ដែលជាមេខ្យល់ដើរញុះញង់ប្រជា
ពលរដ្ឋមកពីតាមខេត្តនានាទៅកាប់ទន្ទ្រានដីព្រៃក្នុងតំបន់អភិរក្សដោយខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះខកខានមិនបានចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពតពីរដងរួចមកហើយពីបទកាប់រុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស (ភ្នំបូកគោ) ហើយពេលនេះគឃ្លើនបំពានច្បាប់បន្តដើរញុះញង់ពលរដ្ឋឱ្យចូលកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិ។ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាជនដែលចូលទៅរុករានទន្ទ្រានដីព្រៃអភិរក្សដោយខុសច្បាប់នេះត្រូវបញ្ឈប់ជាបន្ទាន់។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ឧសភា ឆ្នាំ ២០១៧ មានប្រជាជន ចំនួន ២៥នាក់ មកពីបណ្តាលខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជាដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស។ ទីតាំងនេះធ្លាប់ត្រូវបាបបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុក រានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។ លោក ស៊ុយ ធា បានថ្លែងថា ទោះបីជាមានការទប់ស្កាត់ពីកម្លាំងឧទ្យានុរក្សប្រចាំការនៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូលទៅកាន់ទីតាំងនោះទាល់តែបាន។
លោក ស៊ុយ ធា បានបញ្ជាក់ថា ករណីពលរដ្ឋមកទន្ទ្រានចាប់យកដីនៅទីតាំងនេះ ជាលើកទី២ ហើយដែលធ្វើឡើងតាមរយ:លិខិតរបស់រដ្ឋសភាដែលត្រូវបាន ខ្លែង ឆបោក ដោយក្រុមសមាគម ។
គួរបញ្ជាក់ថា បន្ទាប់ពីការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយ គណៈកម្មការសិទ្ឋិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា ស្នើសុំអោយអភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពត ពិនិត្យ និងជួយដោះស្រាយដី ៣០០០ហ.ត តាមរយៈ សម្តេចប្រធានរដ្ឋសភា
ជូនសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជន ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍ គឺ ក្រុមរបស់សមាគមន៍នេះបានយកលិខិតនេះ ទៅបំផុសបំផុលចលនាប្រជាជន នៅតាមបណ្តាលខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពង់ធំ កំពង់ចាម កំពង់ស្ពឺ និងខេត្តកំពត មកយកដីនៅតំបន់អូរដា អូររាន ចន្ទ័ក្រហម មេរនាស និងត្រពាំងភ្លង ឋិតនៅក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ភូមិសាស្រ្តខេត្តកំពត។
បើតាមការបញ្ជាក់របស់ប្រធានមន្ទីរបរិស្ថានខេត្តកំពត កន្លងមក នៅក្នុងការទប់ស្កាត់សកម្មភាពទន្ទ្រានដី នៅតំបន់អូរដា និងអូររាន ឋិតនៅចំនុចខ្នងភ្នំនៃឧទ្យានជាតិព្រះមុនីវង្ស“បូកគោ” ភូមិសាស្រ្តភូមិតេជោរអន្លង់ក្មេងលេង ឃុំតេជោរអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត មាន ទ្រង់ទ្រាយធំ ដែលក្រុមសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា បានបំផុលបំផុលប្រជាពលរដ្ឋតាមបណ្តាលខេត្តនានា ជិត២០០នាក់ មានបំណងមកទន្រ្ទានកាន់កាប់ និងកាប់បំផ្លាញដីព្រៃតំបន់ការពារធម្មជាតិទំហំ៣០០០ហ.ត ត្រូវបានគណៈបញ្ចារការឯកភាពរដ្ឋបាលខេត្តកំពត ធ្វើការទប់ស្កាត់ និងបញ្ឈប់សកម្មភាពទន្ទ្រានដីក្នុងតំបន់ឧទ្យានជាតិដោយសន្តិវិធីគឺប្រជាពលរដ្ឋទាំងនោះ ព្រមរុះរើ ចាក់ចេញពីទីតាំងទន្ទ្រានដីព្រៃ ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញដោយស្ម័គ្រចិត្ត។ ជាមួយនេះដែរ គឺ មន្ទីរបរិស្ថានខេត្ត បានបំពេញសំណុំរឿងប្តឹងឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ដែលជាមេខ្លោង ក្នុងការញ៉ុះញ៉ុងសកម្មភាពកាប់ទន្ទ្រានដី ទៅអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីចាក់ការតាមផ្លូវច្បាប់ តាមការណែនាំរបស់ឯកឧត្តម
អភិបាលខេត្ត និងជាប្រធានគណៈបញ្ចារការឯកភាពរដ្ឋបាលខេត្តកំពត។
ប៉ុន្តែនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ ក្រុមប្រជាពលរដ្ឋដដែលដែលក្រោមការញុះញង់របស់ឈ្មោះប៉ាវ ប៊ុនថា បានចូលមករុករានទន្ទ្រានកាន់កាប់ដីទីតាំងនោះដោយបានបោះតង់ និងកសប់ឆ្ការព្រៃ។ បើតាមលោក ស៊ុយ ធា នៅថ្ងៃទី៥ ខែឧសភា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន នឹងចុះទៅដោះស្រាយ បញ្ហាដោយផ្ទាល់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងនោះឈប់ចាញ់បោកអ្នកបំផុសបំផុល និងកាប់ទន្ទ្រានដីព្រៃខុសច្បាប់បន្តទៀត។ លោកបានបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋពុំមានដីធ្លីពិតប្រាកដ នោះអាជ្ញាធរនឹងពិនិត្យ សម្រេចដោយមានគណៈកម្មាធិការវាយតម្លៃសម្រេច ប៉ុន្តែមិនមែនមករុករានកាប់ទន្ទ្រានដីព្រៃអភិរក្សតាមអំពើចិត្តនោះឡើយ។