ដោយ ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ វិស័យមនុស្សធម៌នៅកម្ពុជា នាគ្រាបច្ចុប្បន្ននេះ ត្រូវគេកត់សំគាល់ឃើញថា មានការបោះជំហានឈានឡើងជានិច្ច ក្រោមកិច្ចខិតខំប្រឹងប្រែង
ស្វែងរកដៃគូមនុស្សធម៌ និងបំផុសឲ្យមានការចូលរួមចំណែក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
នៅឆ្នាំ២០១៧នេះ របាយការណ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបង្ហាញឲ្យឃើញ កាលពីថ្ងៃ៣ឧសភាម្សិលមិញ នៅក្នុងមិទ្ទិញប្រារព្ធខួបលើកទី១៥៤ ទិវាកាកបាតក្រហមកម្ពុជា នោះថា ថវិកាជាង២ម៉ឺនដុល្លារ និងថវិកាជាតិជាង១២២លានរៀល បានមកពីការចូលរួមចំណែក ពីសប្បុរសជននានា ទាំងនៅទីជិត និងនៅទីឆ្ងាយ សំរាប់បំរើវិស័យមនុស្សធម៌ឲ្យចំគោលដៅ នៅកម្ពុជា។
អ្នកតាំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បានមានប្រសាសន៍ថា ទឹកចិត្តមនុស្សធម៌ ពិតជាមានតម្លៃសំរាប់បងប្អូនជនក្រីក្របំផុត ដូចនេះមន្ត្រីកាកបាតក្រហម ត្រូវយកថវិកាដែលប្រមូលបាននោះ យកទៅប្រើប្រាស់ក្នុងបេសកកម្មមនុសធម៌ និងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយនានា នៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
អ្នកតំណាងរាស្ត្រមានប្រសាសន៍ទៀតថា កម្លាំងមនុស្សធម៌ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះទាំងឡាយ ជាពិសេស ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ស្រីមានផ្ទៃពោះ ទារក កុមារ ដែលមានបញ្ហាលើសុខភាព។
ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហម និងជាអភិបាលរងខេត្ត លោកឈាង ឡាក់ បានថ្លែងកោតសរសើរចំពោះ លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី បងប្អូន អាជីវករ និងសម្បុរសជននានា នៅក្នុងខេត្តស្ទឹងត្រែង ដែលបានប្រកាន់ខ្ជាប់នូវប្រពៃណីល្អលើផ្នែកមនុស្សធម៌ បានជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជួយដល់សាខាកាកបាតប្រហម។ លោកថា នេះជាគោលដៅដែលកាកបាតក្របាតក្រហមចង់បាន ពីព្រោះការងារកាកបាតក្រហម គឺអនុវត្តគោលការណ៍គ្រឹះទាំង៧ ដោយឥតរើសអើង និងមិនប្រកាន់វណ្ណៈពណ៌សម្បុរណ៌អ្វីឡើយ ហើយឆ្នាំនេះកាកបាតក្រហមកម្ពុជា បានដាក់ចេញនូវប្រធានបទ «កាកបាតក្រហមកម្ពុជាមានគ្រប់ទីកន្លែងសំរាប់គ្រប់គ្នា»។
លោកបានបញ្ជាក់ថា ឆ្នាំ២០១៧នេះ កាកបាតក្រហមទទួលបានថវិកា លើសជាងឆ្នាំ២០១៦កន្លងទៅ ប្រមាណជាង២០ភាគរយ ហើយកាកបាតក្រហមខេត្ត និងប្រើប្រាស់ថវិកាទាំងនេះ ដើមម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ឲ្យបានឆ្លើយតបទាន់ពេលវេលា៕