រដ្ឋាភិបាលយោធាថៃ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ បានប្រមូលកម្លាំងទាហាន ប៉ូលិសប្រមាណ៦ពាន់នាក់ ដាក់ឲ្យឈរជើងនៅកណ្តាលទីក្រុងបាងកកដើម្បីទប់ទល់ក្រុមបាតុករដែលប្រឆាំងការធ្វើរដ្ឋប្រហារថ្ងៃទី ២២ ឧសភា។ របបយោធាក្នុងប្រទេសថៃហាក់បានបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស្របច្បាប់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ក្នុងខែឧសភា ឆ្នាំ២០១៤ ។
របបយោធាថៃបានព្យាយាមបិទមាត់មិនឲ្យសំឡេងបាតុករប្រឆាំងលេចចេញខ្លាំងពេកនោះទេ ទោះបីតាមប្រព័ន្ធទំនាក់ទំនងសង្គមក៏ដោយ។ កម្លាំងទាហានប្រដាប់ដោយកាំភ្លើងធុនធ្ងន់មានវត្តមាននៅតាមទីប្រជុំជនសំខាន់ៗក្នុងប្រទេសថៃ ចាប់តាំងពីការធ្វើរដ្ឋប្រហារ ហើយប្រកាសមិនអនុញ្ញាតឲ្យជួបជុំគ្នា ទោះក្នុងទ្រង់ទ្រាយតូចក៏ដោយ ដែលជាទូទៅក្រុមបាតុករប្រឆាំងប្រកូកប្រកាសកៀងគរគ្នានៅតាមរយៈបណ្តាញទំនាក់ទំនងសង្គមដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។
លោក Somyot Poompanmoung ស្នងការរងបានបញ្ជាក់ថា អាជ្ញាធរផ្តោតលើគោលដៅសំខាន់៥ទីតាំងដែលអាចមានការធ្វើបាតុកម្ម នៅក្នុងក្រុងបាងកកកាលពីថ្ងៃអាទិត្យ។ ទីតាំងទាំងនោះរួមមានអាកាសយានដ្ឋានអន្តរជាតិ និងទីប្រជុំជន ហ្គ្រេន ផាលេស ដែលទីតាំងទាំងនេះ កាលពីមុនបាតុករធ្លាប់ប្រមូលផ្តុំគ្នានៅទីនោះ ៕