សួន លីណា
ព្រះវិហារ: ពលរដ្ឋចំនួន៣នាក់ រួមទាំងឈើក្រាក់ក្រញូង៤១ដុំ ស្មើនិង៣២១គីឡូក្រាម ត្រូវបានកម្លាំងចម្រុះរួមមាន កម្លាំងអធិការដ្ឋាននគបាលស្រុក កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងវរសេនាតូចការពារព្រំដែនលេខ៤០៥ ដោយយោងតាមបទបញ្ជារបស់អភិបាលខេត្ត
ក្នុងការរិតបន្តឹង និងធ្វើការទប់ស្កាត់បង្ក្រាបឲ្យបានដាច់ខាតចំពោះការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ក្នុងនោះកម្លាំងបានចុះឃាត់ខ្លួន និងដកហូតបាន កាលពីវេលាម៉ោង១០.៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈពេលដែលពួកគាត់កំពុងស្ពាយឈើក្រាក់ ក្រញូងចេញពីទឹកដីថៃ ។
បើយោងតាមការបញ្ចាក់ឲ្យដឹងពីលោកវរសេនីយ៍ត្រី រួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានបញ្ជាក់ថា ពលរដ្ឋដែលកម្លាំងឃាត់បានទី១.ឈ្មោះ ហុង ជួន ភេទប្រុស អាយុ២៩ឆ្នាំ .២ឈ្មោះ ផន ភាព ភេទប្រុស អាយុ២៨ឆ្នាំ និងទី៣.ឈ្មោះ ទួន យឿន ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង៣រស់នៅភូមិ រលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងធ្វើការដកហូតបានឈើក្រាក់ក្រញូងចំនួន៤១ដុំ ។
លោកថាបច្ចុប្បន្នពលរដ្ឋទាំង៣នាក់ រួមនិងក្រាក់ឈើក្រញូងត្រូវបានធ្វើការប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តចាក់ការបន្តទៅតាមនិត្តិវិធី ។
ពាក់ព័ន្ធនិងការចុះបង្ក្រាបពលរដ្ឋទាំង៣នាក់ខាងលើនេះដែរ អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា ពលរដ្ឋទាំង៣នាក់នេះ គឺមេខ្យល់ ដែលបានបំផុសបំផុលនាំពលរដ្ឋដ៍ទៃឯទៀត លួចឆ្លងដែនចូលទៅយកឈើក្រញូងដោយខុសច្បាប់ នៅក្នុង ទឹកដីថៃ លោកថាកន្លងមកកម្លាំងបានចាប់និងធ្វើការអប់រំជាច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែពួកគាត់ទាំង៣នាក់នេះ នៅតែមិនធ្វើទៅតាមកិច្ចសន្យា ដូច្នេះគឹមានតែធ្វើទៅតាមនិត្តិវិធីច្បាប់ ដោយធ្វើការចង្ក្រងសុំនុំឯកសារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិត្តិវិធីច្បាប់ ៕