ឪពុកម្តាយកុមាររងគ្រោះដោយសារភ្លើងឆេះ ចោទប្រកាន់នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ មិនរកយុត្តិធម៌ជូនគាត់

0

សៀមរាប៖ លោកនឿម ស៊ីណាត និងអ្នកស្រីតុល សន រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បានចោទប្រកាន់នគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់នេះថា បានដោះលែង បុរសម្នាក់ដែលជាជនសង្ស័យក្នុងការធ្វើឲ្យកូនរបស់គាត់ត្រូវភ្លើងឆេះស្លាប់ ក្នុងពេលទៅយកឃ្មុំ។


លោកនឿម ស៊ីណាត និងប្រពន្ធបានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក្នុងពេលដែលគាត់កំពុងនៅផ្ទះ មានបុរសម្នាក់ឈ្មោះ ជីបានមកប្រាប់គាត់ថា មានក្មេងពីរនាក់ដែលទៅយកឃ្មុំជាមួយគាត់ ហើយត្រូវភ្លើងឆេះធ្លាក់ពីលើដើមត្នោត។ នៅពេលលឺដំណឹងនេះ គាត់ក៏បាននាំគ្នាទៅមើលឃើញកូនប្រុសរបស់គាត់ឈ្មោះ ណាត ស៊ីណាវ អាយុ១០ឆ្នាំ ត្រូវភ្លើងឆេះខ្លោចពេញខ្លួន។
ក្នុងពេលឃើញសភាពកូនរបៀបនេះ គាត់បាននាំកូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារអង្គរ ប៉ុន្តែដោយសារសភាពរបួសធ្ងន់ធ្ងរកូនរបស់គាត់បានស្លាប់នៅថ្ងៃទី០២ឧសភានេះ។
បន្ទាប់ពីមានហេតុការណ៍នេះ កម្លាំងនគរបាលសង្កាត់ជ្រាវ បានចុះធ្វើកំណត់ហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះអ៊ូ កុសល ហៅជី មកធ្វើការសាកសួរនៅប៉ុស្តិ៍ រួចក៏បានដោះលែងជននោះឲ្យមានសេរីភាពវិញ។ ការដោះលែងជនសង្ស័យនេះ ត្រូវបានលោកនឿម ស៊ីណាត និងភរិយា និយាយថា មិនផ្តល់យុត្តិធម៌ដល់កូនប្រុសគាត់។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោកសត សៃ បានប្រាប់នៅរសៀលថ្ងៃទី០៨ ខែឧសភានេះ ការដោះលែងជនសង្ស័យនេះ គឺមានការឯកភាពពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។ លោកថា ការដែលថាលោកមិនចាត់ការនោះមិនត្រឹមត្រូវទេ គឺលោកបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានក្រុងសៀមរាបរួចរាល់ហើយដែរ។
សូមរំលឹកថាកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ មានក្មេងប្រុសចំនួន០៤នាក់ និងជនសង្ស័យ បាននាំគ្នាទៅយកឃ្មុំនៅលើដើមត្នោតដែលមានឈើដុះឧិបជុំវិញ និងមានធាងត្នោតងាប់ៗធ្លាក់ទើនៅទីនោះ ក្នុងពេលពួកគេកំពុងឡើងយក និងដុតភ្លើង ស្រាប់ឃ្មុំទិចជនសង្ស័យ ដែលធ្វើជននោះទុកគុបភ្លើងនោះចោលនិងចុះមកក្រោមវិញ ដែលជាហេតុធ្វើឲ្យមានភ្លើងឆាបឆេះតែម្តង។
ក្នុងពេលឆាបឆេះ ក្មេងៗចំនួនពីរនាក់បានចុះមកដល់ដី និងបានស្រែកហៅក្មេងពីរនាក់ទៀតដែលនៅខាងលើឲ្យចុះមកដែរ តែកុមារទាំងពីរបានស្រែកប្រាប់វិញថា មិនអីទេ តែបានបន្តិចអ្នកទាំងពីរនាក់ក៏ធ្លាក់មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ក្នុងនោះម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមការឲ្យដឹងពីមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវម្នាក់បានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ កុសល ហៅជី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នភូមិ តាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប បានឆ្លើយបដិសេដថា ខ្លួនមិនបានដុតភ្លើងបណ្តាលឲ្យឆាបឆេះកុមារខាងលើទេ។ ប៉ុន្តែអ្នកឃើញហេតុការណ៍បាននិយាយថា ឈ្មោះ អ៊ូ កុសល ហៅជី បានដុតធាងត្នោតដើម្បីយកឃ្មុំ បណ្តាលឲ្យរាលឆេះដើមត្នោត ខណៈដែលកុមាររងគ្រោះកំពុងតែនៅលើដើមត្នោតនោះ៕