ការដឹកប្រមូលឈើចូលក្រុមហ៊ុនមិនស្របច្បាប់របស់ក្រុមហ៊ុន ហ្សូមវ៉ាង ត្រូវអភិបាលខេត្តបញ្ឈប់

0

ខេត្តរតនគិរីៈ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានបញ្ឈប់ការដឹកប្រមូលឈើមូល របស់ក្រុមហ៊ុន ហ្សូមវ៉ាង ចូលរោងចក្រ បន្ទាប់ពីក្រុមហ៊ុននោះ បានដឹកប្រមូលឈើមូល អនាធិបតេយ្យ ក្នុងបរិវេណក្រុមហ៊ុន ក្រៅអនុតំបន់ មិនស្របទៅនិងគោលការច្បាប់។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ម៉ីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំង ចុះឃាត់រថយន្តដឹកឈើមូល២គ្រឿង គឺរថយន្តបាកុងមួយគ្រឿង និងរថយន្តស្ទូចមួយគ្រឿង របស់ក្រុមហ៊ុន ហ្សូមវ៉ាង(រដ្ឋសាខន) នៅចំណុចត្រពាំងចំបក់ ស្ថិតនៅព្រំប្រទល់ ភូមិសាមុទ្រលើ ស្រុកលំផាត់ និងភូមិតាកុកព្នង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្ដមអភិបាលខេត្ត។

លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានឲ្យដឹងកាលពីថ្ងៃ៧ ខែឧសភានេះថា តាមបទបញ្ជាពីឯកឧត្ដមអភិបាលខេត្ត ឲ្យលោកឃាត់រថយន្តដឹកឈើមូល របស់ក្រុមហ៊ុនខាងលើ ដើម្បីត្រួតពិនិត្យឯកសារ និងតំបន់ដែលក្រុមហ៊ុនដឹកប្រមូលឈើនោះ ថាតើជាដីរបស់ក្រុមហ៊ុនដែរឬទេ។

លោកថា ក្រោយពីឃាត់រថយន្តពិនិត្យឃើញថា ក្រុមហ៊ុននេះ ធ្វើសកម្មភាពដឹកប្រមូលឈើមូលចូលក្រុមហ៊ុន ថ្វីត្បិតតែក្នុងបរិវេណដីក្រុមហ៊ុន តែមិនស្របតាមគោលការនៃច្បាប់ ដោយដឹកក្រៅអនុតំបន់ ហើយគ្មានគណកម្មការត្រួតពិត្យ បំពេញឯកសារឲ្យបានត្រឹមត្រូវ។

ដូច្នេះឯកឧត្ដមអភិបាលខេត្ត សម្រេច ឲ្យក្រុមហ៊ុននេះ ផ្អាកការដឹកប្រមូលឈើមូលបន្តទៀត ហើយរងចាំ រៀបចំឯកសារពីស្ថប័នពាក់ព័ន្ធឬថា្នក់ក្រសួង និងបង្កើតក្រុមគណកម្មការត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់ ទើបអនុញ្ញាតិឲ្យដឹកប្រមូលឈើមូលចូលក្រុមហ៊ុនបន្តទៀត។

តំណាងក្រុមហ៊ុន ហ្សូមវ៉ាង ម្នាក់មិនបញ្ចេញឈ្មោះ បានអះអាងថា ឈើមូលដែលពួកគេប្រមូលដឹក គឺជាឈើដែលមានគេលួចកាប់ក្នុងដីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏ដឹកប្រមូលយកមករក្សាទុក ក្នុងក្រុមហ៊ុនដើម្បីធ្វើការបង់ពន្ធជូនរដ្ឋ។

លោកបន្តថា ក្រោយពីមានការត្រួតពិនិត្យ របស់អាជ្ញាធរខេត្តថា មិនសមស្របតាមច្បាប់នេះ លោកនឹងបំពេញសុំណុំឯកសារទៅថ្នាក់ខេត្តឲ្យបានស្របច្បាប់ ដើម្បីដឹកប្រមូលឈើមូលនេះបន្តទៀត។

ចំណែកលោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់នៅថ្ងៃទី៨ ខែឧសភា នេះថា ឈើទាំងនេះ លោកបានបញ្ជាទៅនាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ឲ្យសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីប្រមូលដឹកឈើនេះ ដាក់ក្នុងក្រុមហ៊ុន ហើយសុំគោលការណ៍ទៅថ្នាក់លើ ថាតើឈើទាំងនេះត្រូវពិន័យ ឬក៏តម្រូវឲ្យក្រុមហ៊ុនបង់ពន្ធ។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនីមួយៗ បើទោះជាមានផ្ទៃដីទំហំប៉ុណ្ណាក៏ដោយ តាមច្បាប់ត្រូវចែកចេញជាឡូដ៍ ឬហៅថា អនុតំបន់ ដើម្បីឲ្យក្រុមហ៊ុននោះ កាត់ឈើឈូសឆាយដាំដុះ តំបន់នោះ ប្រចាំឆ្នាំរួចរាល់ ទើបក្រុមហ៊ុនសុំច្បាប់ ឬអាជ្ញាប័នបន្ត ពីថ្នាក់ក្រសួង ដើម្បីឈានទៅ អភិវឌ្ឍន៍ តំបន់ថ្មីទៀតនាឆ្នាំបន្ត។ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ តែងតែមានទំនាស់ជាមួយប្រជាពលរដ្ឋ ពីករណីឈូសឆាយព័ទ្ធយកដីប្រជាពលរដ្ឋ និងមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាញឹកញាប់ ថាក្រុមហ៊ុន ហ្សូមវ៉ាង(រដ្ឋសាខន) តែងតែលួចដឹកឈើចេញពីព្រៃសហគមន៍ និងលួចដឹកឈើពាស់វាលពាស់កាល អនាធិបតេយ្យ ពេញតែបរិវេណក្រុមហ៊ុន។

ដោយឡែករថយន្តបាកុងនឹងរថយន្តស្ទូចដឹកឈើទាំង២គ្រឿង មកទល់នឹងពេលនេះ មិនត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនោះទេ សង្ស័យត្រូវរាវគ្នាហើយមើលទៅ មិនបានធ្វើការបង្ក្រាបនោះ៕ដោយ: យក្ខឡោម