គ្រួសារលោក អ៊ឹម សំ ដែលស្លាប់ដោយការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល សុំឲ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងជីវភាពពួកគាត់

0

សៀមរាប៖ ក្រុមគ្រួសាររបស់លោក អ៊ឹម សំ ដែលជាយោធិនកម្ពុជាម្នាក់ ក្នុងចំណោមយោធិន ដែលជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពលីនៅប្រទេសអាហ្វ្រិកកណ្ដាល ដោយសារតែពួកឧទ្ទាមវាយប្រហារនោះ បានអំពាវនាវសុំឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែង

ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឱ្យបានសមរម្យ បន្ទាប់ពីប្ដីរបស់គេបានស្លាប់ទៅ ហើយពុំមានអ្នកជំហរទីពឹងតទៅទៀត។
ព្រឹកថ្ងៃពុធទី១០ខែឧសភា អ្នកស្រី តាន់ ភារ័ត្ន រស់នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ត្រូវជាភរិយារបស់យោធិនពលីឈ្មោះ អ៊ឹម សំ បានមានប្រសាសន៍ទាំងក្ដុកក្ដួល ថា អ្នកស្រីបានរៀបការជាមួយប្ដី អស់រយៈពេល៤ឆ្នាំហើយ ដោយបង្កើតបានកូនប្រុសម្នាក់អាយុ៣ឆ្នាំ។ តាំងពីរៀបការរួចមក ប្ដីរបស់នាងមិនសូវបានរស់នៅជួបជុំប្រពន្ធ-កូនទេ ដោយសារតែគាត់ធ្វើទាហានកងវិស្វកម្ម ហើយចេញទៅបំពេញបេសសកកម្ម ជាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីនិងអាហ្វ្រិកកណ្ដាល។
អ្នកស្រី តាន់ ភារ័ត្ន បានបន្តទៀតថា បច្ចុប្បន្ននេះ ជីវភាពគ្រួសាររបស់អ្នកស្រីមិនប្រសើរទេ ដោយមានរបរលក់ដូរតិចតួច នៅក្នុងផ្សារកំពង់ក្តី ហើយនៅពេលដែលប្ដីរបស់នាងស្លាប់ទៅទៀតនោះ កាន់តែធ្វើឱ្យនាងព្រួយបារម្ភអំពីជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងខ្វល់ខ្វាយពីអនាគតកូនប្រុសតូចម្នាក់មិនដឹងថា បានរៀនសូត្រល្អ ដូចគេឬក៏យ៉ាងណាទេ?
អ្នកស្រី តាន់ ភារ័ត្ន បានទទួលដំណឹងពីអង្គភាពវិស្វកម្ម ដែលប្រាប់ថាប្ដីរបស់នាងឈ្មោះអ៊ឹម សំ អាយុ៣៧ឆ្នាំ បានស្លាប់ ដោយសារតែពួកឧទ្ទាមវាយប្រហារនៅប្រទេសអាហ្រ្វិកកណ្ដាលនៅវេលាព្រឹកថ្ងៃទី០៩ឧសភា បន្ទាប់ពីហេតុការណ៍វាយប្រហារនោះកើតឡើង។
ឪពុកក្មេករបស់យោធិនពលី អ៊ឹម សំ លោក តាន់ សេដ្ឋា ឱ្យដឹងថា ថ្វីត្បិតតែកូនប្រសាររបស់លោកចេញទៅបំពេញបេសសកម្មជាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំមកហើយមែន ក៏ប៉ុន្តែជីវភាពកូនស្រីរបស់គាត់មិនធូរធាទេ គឺពួកគេមិនទាន់មានផ្ទះរស់នៅដោយខ្លួនឯងឡើយ។ លោក តាន់ សេដ្ឋា ព្រួយបារម្ភអំពីស្ថានភាពរស់នៅរបស់កូនស្រី ដែលធ្លាក់ខ្លួនម៉េម៉ាយ ព្រមទាំងចៅប្រុសអាយុ៣ឆ្នាំម្នាក់ផង។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ រហូតមកដល់ពេលនេះ យោធិនកម្ពុជា៣នាក់ដែលបាត់ខ្លួននោះ បានស្លាប់ហើយបណ្ដាលឱ្យចំនួនយោធិនកម្ពុជាដែលស្លាប់បានកើនឡើងទៅដល់៤នាក់និងម្នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីវិលត្រឡប់ពីបំពេញភារកិច្ចនៅតំបន់Rafai ភូមិ Yogofongo នៃប្រទេសអាហ្វ្រិកកណ្ដាលហើយត្រូវក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណពួនស្ទាក់វាយប្រហារមកលើក្បួនរថយន្ត កាលពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៧។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ មានប្រសាសន៍ថានៅពេលនេះ អាជ្ញាធរខេត្ត នៅមិនទាន់បានជួយអ្វីទៅដល់គ្រួសារយោធិនពលីនៅឡើយទេ ក្រៅតែពីសហការជាមួយអភិបាលស្រុកជីក្រែងទៅរៀបចំទីធ្លាសម្រាប់ទទួលសាកសព ដើម្បីត្រៀមខ្លួនចូលរួមគោរពវិញ្ញាណក្ខ័ន្ធនោះ៕