VDEO ៣៤​នាក់​ស្លាប់​ក្នុងការ​សម្លាប់​រង្គាល​នៅ​កុង​ហ្គោ​ភាគ​ខាងកើត

0

​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែងថា មនុស្ស​រហូតដល់​៣៤​នាក់ ក្នុងនោះ​មាន​ស្ត្រី និង​កុមារ​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃ​សៅរ៍ ដែល​ការវាយប្រហារ​នេះ រដ្ឋាភិបាល​បន្ទោស​ទៅលើ​ក្រុម​អ្នក​ចិញ្ចឹមសត្វ​។​ ​អ្នករាយការណ៍​ព័ត៌មាន​កាសែត​រ៉​យ​ទ័​រ​អះអាងថា ជនរងគ្រោះ​រួមមាន​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវបាន​គេ​បាញ់ប្រហារ ចាក់​សម្លាប់ និង​ដុត​ឲ្យ​ឆេះ​នៅក្នុង​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ Mutarule ។

នៅក្នុង​ភូមិ​នេះ គេ​បាន​រាប់​ឃើញ​សាកសព​៣៧​នាក់ ហើយ​ក្នុងចំណោម​ពួកគេ​ខ្លះ​ត្រូវគេ​ទុកចោល​នៅក្នុង​ព្រះវិហារ​។​ ​អ្នកស្រុក និង​មេដឹកនាំ​សាសនា​បាន​និយាយថា អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ក៏​ទទួលរង​ការបាញ់ប្រហារ​ផងដែរ ហើយ​ក្រៅពី​បាត់បង់​ជីវិត នៅមាន​អ្នករងរបួស​២០​នាក់ ក្នុងចំណោម​នោះ​១០​នាក់​រងរបួស​ធ្ងន់​។​

​អភិបាលក្រុង South Kivu លោក Marcellin Cishambo បាន​ថ្លែងថា «​វា​ជា​ទង្វើ​របស់​ក្រុម Congolese ដែលជា​អ្នក​វាយប្រហារ​ខាងលើនេះ ដោយ​ទំនាស់​រឿង​សត្វ​គោ​»​។ លោក​បាន​បញ្ជាក់ថា មាន​អ្នកស្លាប់​២៧​នាក់​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Laurent Mende បាន​ថ្លែងថា វា​ជាការ​វាយប្រហារ​សងសឹក​ដែល​ធ្វើឡើង​ដោយ​សហគមន៍​អ្នក​ចិញ្ចឹមសត្វ ។

ក្រុម​របស់​សហគមន៍​ចិញ្ចឹមសត្វ​បាន​ព្យាយាម​លួច​សត្វ​គោ​របស់​កសិករ ហើយ​ត្រូវ​កសិករ​សម្លាប់​។​ ​លោក Laurent Mende អះអាងថា អំពើហិង្សា​នេះ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៣៤​នាក់​៕