ខេត្តរតនគិរី៖ រថយន្តហ្វតបើកបរក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតធ្លាក់ផ្លូវជាតិបណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តបានរងរបួសធ្ងន់ស្រាលមិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង១០នាទីល្ងាច
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចបង្គោលលេខ៥៣២ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
នគរបាលស្រុកកូនមុំបានឲ្យដឹងថា រថយន្តម៉ាកហ្វត ពណ៌ទឹកប្រាក់ ខណះ បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យមនុស្សប្រុសស្រី៥ នាក់រងរបួសធ្ងន់ស្រាល ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលដដែលបានបន្តថាមានព្រះសង្ឈពីរអង្គ មិនស្គាល់ព្រះនាមនោះទេ បានរងរបួសស្រាល ដោយឡែកមនុស្ស៣ នាក់ត្រូវបានស្គាល់ឈ្មោះទី១- ឈ្មោះ សុ ខី ភេទស្រី អាយុ២៨ ឆ្នាំជនជាតិខ្មែររងរបួសធ្ងន់ទី២- ឈ្មោះ ឆេង ហៃ ភេទប្រុសអាយុ១៣ ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់
រស់នៅភូមិក្បាលស្ពានយុំក្បាលស្ពានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទី៣- ឈ្មោះ ថា អាចាថាវី ភេទប្រុសអាយុ៧០ ឆ្នាំជនជាតិថៃ រស់នៅវត្តស្រះកែវប្រទេសថៃ រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំ។បច្ចុប្បន្ននគរបាលបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកូនមុំ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយ: យក្ខឡោម