ព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី ស្រីឌឹក និងក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត ព្រមទាំងក្រុមប្រឹក្សាស្រុក អាជ្ញាធរភូមិឃុំ បានចុះសួរសុខទុក្ខដល់គ្រួសារលោកយាយ ភឹម ស៊ន អាយុ៩៨ឆ្នាំ បច្ចប្បន្នរស់នៅ ក្នុងបន្ទុកគ្រួសារជាមួយអ្នកស្រី ម៉ក់
សួន អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិអូដា ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានជីវភាពខ្វះខាតទីទាល់ក្រ ថែមទាំងមាន កូនចំនួន៨នាក់ ក្នុងបន្ទុក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ចុងសប្តាហ៍កន្លងទៅ ។
ការចុះសួរសុខទុក្ខរបស់ឯកឧត្តម និងលោកជំទាវ នាថ្ងៃនោះ គឺចង់ដឹងអំពីសុខភាព ជីវភាពរស់នៅរបស់លោកយាយ ភឹម ស៊ន និងចុះពិនិត្យ នូវការសាងសង់ផ្ទះស្នាក់នៅថ្មី ដែល ឯកឧត្តម និងលោក ជំទាវ បានសន្យាកាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ កន្លងមក ដែលមានទំហំ ៥x៧ម៉ែត្រ ជញ្ជាំង បាំងក្តា ដំបូលប្រក់ស័ង្កសី បច្ចុប្បន្ន ផ្ទះ១ខ្នងនេះ សាងសងសម្រេចបាន៩៥%ហើយ ឯកឧត្តម បានជម្រុញយ៉ាងមុតមាំថា ជាងសាងសងផ្ទះ១ខ្នងនេះ ទោះជាយ៉ាងណាក្តី ត្រូវតែសាងសង ឲ្យបានសម្រេច១០០%ក្នុងខែឧសភានេះ ដើម្បីប្រគល់ជូនលោកយាយ និងក្រុមគ្រួសារឲ្យបានទាន់ពេលវេលា ព្រោះថារដូវកាលនេះ ជារដូវធ្លាក់ភ្លៀង ។
ក្នុងនោះដែរ លោកជំទាវ ចាន់ សាមីស្រីឌឹក ក៍បានសំណូមដល់លោកស្រី ម៉ក់ សួន ធ្វើយ៉ាងណាជួយថែរក្សាសុខភាព,ជូនលោកយាយ ពិសេសការរស់នៅប្រចាំថ្ងៃរបស់គាត់ លោកជំទាវ ក៍បាននាំយកថវិការចែកជូនដល់ក្រុមគ្រួសារលោកយាយភឹមស៊ន រួមទាំងក្រុមជាង ដោយក្នុងម្នាក់ៗ ទទួលបាន ថវិការចំនួន៥ម៉ឺនរៀល ។
សូមបញ្ជាក់ថា ទោះក្នុងភារកិច្ចដ៏មមាញឹក ដែលមិនគិតពីការនើយហត់ របស់ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ តែងតែចុះជួយគ្រប់រាល់សកម្មភាព និងរាល់សភាពការណ៍ ដែលបានកើតមានឡើង ជាយថាហេតុ ៖ ដូចជាភាពក្រីក្រ ចាស់ជរាកំព្រាទុរគត ជនពិការ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទឹកជំនន់ និងភាពរាំងស្ងួតជាដើម ក្រោមមាគ៌ាដឹកដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕សួនលីណា