ភ្ញៀវទេសចរជាច្រើនសំរុកមកលេងខេត្តព្រះសីហនុក្នុងឱកាសថ្ងៃបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ។

0

MC:ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកមកពីខេត្តនានាបាននាំក្រុមគ្រួសារមកលំហែរនៅខេត្តព្រះសីហនុគួរកត់សំគាល់ក្នុងឱកាសថ្ងៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់៦៤យាងចូល៦៥ព្រះវស្សារបស់ព្រះករុណាបរមនាថសីហមុនី ព្រះមហាក្សត្រនៃយើងនិងស្របពេលថ្ងៃសំរាកចុងសប្តាហ៍ផងដែរ។ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣,14,15 នេះមានភ្ញៀវសំរុកមកច្រើនខុសប្លែកឆ្នាំកន្លងទៅរហូតដល់រកបន្ទប់ផ្ទះសំណាក់និងសណ្ឋាគារជួលសំរាកមិនបាន។
ចំពោះតំលៃម្ហូបអាហារនិងតំលៃបន្ទប់ស្នាក់នៅត្រូវបានភ្ញៀវត្អូញត្អែរថាឡើងថ្លៃខុសពីថ្ងៃធម្មតាផងដែរ។

បើទោះជាយ៉ាងនេះក្តី ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុតែងរំលឹកដល់ម្ចាស់សេវាកម្មទាំងអស់ត្រូវចេះថែរក្សាភ្ញៀវអោយបានល្អ ធ្វើសេវាកម្មអោយមានគុណភាព កុំកាប់គេពេក។
ធ្វើយ៉ាងណាអោយភ្ញៀវមកលេងស្នាក់នៅខេត្តយើងបានយូរនិងមកម្តងហើយចង់មកលេងទៀតនៅពេលក្រោយ។

លោក តាំង សុុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុអោយដឹងថា៖រយៈពេលបីថ្ងៃនេះសង្គេតឃើញថាមានភ្ញៀវមកលេងច្រើនជិតប្រហាក់ប្រហែលនឹងភ្ញៀវដែលបានមកលេងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកដែរគឺប្រមាណជិត១០ម៉ឺននាក់។

សូមបញ្ជាក់ថាខេត្តព្រះសីហនុគឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៍មានសក្តានុពលបំផុតហើយកំពុងស្ថិតក្នុងចិត្តមនុស្សមកពីគ្រប់តំបន់ក្នុងពិភពលោកទាំងមូល។
ខេត្តព្រះសីហនុមានតំបន់ទេសចរណ៍ច្រើនកន្លែងដូចជាឆ្នេរខ្សាច់សស្អាត មានកោះ ទឹកសមុទ្រថ្លាយង់ មានព្រៃកោងកាង មានទឹកធ្លាក់ក្បាលឆាយដែលសុទ្ធតែគួរអោយទាក់ទាញអារម្មណ៍ក្រៃលែង។
ជាងនេះទៀតមានសីតុណ្ហភាពមនោរម្យមិនក្តៅពេកហើយក៍មិនត្រជាក់ពេកដែរ។
រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវជាតិ និងអន្តរជាតិបាននាំក្រុមគ្រួសារមកលេងខេត្តព្រះសីហនុកាន់តែច្រើនៗជាលំដាប់។បច្ចុប្បន្នខេត្តព្រះសីហនុកំពុងប្រែមុខមាត់ថ្មីគ្រាដែលប្រទេសជាតិមានសន្តិភាព មានសន្តិសុខសុវត្ថិភាពនិងពិសេសជាងនេះគឺជីវភាពប្រជាពលរដ្ឋមានការរីកចំរើនឡើងៗជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ៕សាវ៉ុន