កំពង់ចាមៈ លំនៅឋានប្រជាពលរដ្ឋ ដែលមានទំហំ ៨x១៥ម៉ែត្រ សាងសង់ឡើងអំពីឈើ ប្រក់គ្បឿងចំនួន៣ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ កាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្សាររោងចក្រ ស្ថិតក្នងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ ឯក ប៉ានដន អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ករណីអគ្គីភ័យនេះបានកើតមានឡើង ដោយការសាកថ្មទូរស័ព្ទទុកចោល ទើបបណ្តាលឲ្យផ្ទុះ បង្កជាគ្រោះអគ្គីភ័យកើតឡើងតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញពន្លត់អគ្គីភ័យស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គីភ័យខេត្តកំពង់ចាម ចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្រុកចំនួន០១គ្រឿង រថយន្តពន្លត់អគ្គីភ័យខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ទើបពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរ។
ករណីអគ្គីភ័យនេះ បង្កឲ្យមានការខូចខាតឆេះផ្ទះឈើប្រក់ក្បឿងអស់ចំនួន០៣ខ្នង ទំហំ៨×១៥ម៉ែត្រ ម៉ូតូចំនួន០២គ្រឿង និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត ៕