រថយន្តសម្ដេចក្រុមព្រះជួប​គ្រោះថ្នាក់​ចរាចរណ៍

0

ខេត្តកំពត ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៦​ខែឧសភា​២០១៧ ក្បួន​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ព្រះប្រធាន​គណបក្ស​រាជា​និយម ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បន្ទាប់​ពី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ខេត្តកំពត​ស្រាប់តែ​បាន​ជួប​ឧប្បត្តិហេតុ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ នៅ​ភូមិ​ព្រៃ​តា​ព្រឹក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ស្រាប់​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ញឹ​ម សូ​វិ​ន អាយុ​២៧​ឆ្នាំ​បាន​បើក​កាត់​ពីមុខ​ក្បួន​តែ​ម្ដង​។
យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​បើកឡាន​ដឹក​ដី​នេះ បើក​កាត់មុខ​រថយន្ត​ក្បួន ខណៈ​ដែល​ក្បួន​រថយន្ត​របស់​សម្ដេចក្រុមព្រះ នរោត្ដម​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-9055 ជា​រថយន្ត​របស់​លោក ឆឹង ចំរើន ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​ធ្លាក់​ចូល​ក្នុង​ស្រែ​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​ក្រោយ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ពុំ​មាន​មនុស្ស​គ្រោះថ្នាក់​ទេ ។

បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួច​ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​គេច​តែ​ត្រូវ​ក្បួន​រថយន្ត​រួម​ដំណើរ​ជាមួយ​គ្នា​ដេញ​ឃាត់​បាន​ទាំង​រថយន្ត និង​ជន​បង្ក​ជូន​ទៅ​សមត្ថកិច្ច​ដោះស្រាយ​តាម​ច្បាប់​។
គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៥ កន្លង​ទៅ​សម្ដេចក្រុមព្រះ​ធ្លាប់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្ដង​ហើយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​ដូច​គ្នា នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម គ្រានោះ​បណ្ដាល​ឲ្យ​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួល​រង​របួស​យ៉ាងដំណំ​រួម​ទាំង​អង្គរក្ស​៥​នាក់​ផង​ដែរ​៕ដោយម៉ម ឡាយ