សៀមរាប៖ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង សមាជិកកិត្តយសសមាគមនារីកម្ពុជាដើមី្បសន្តិភាព និង អភិវឌ្ឍន៍ខេត្ត អមដំណើរដោយ លោកជំទាវ លោកស្រី ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និង សប្បុរសជន បានអញ្ជើញជួបធ្វើការសំណេះសំណាល ដើម្បីលើកទឹកចិត្ដដល់នារី នៅអនុសាខា និង បណ្តាញសមាគមន៏នារីឃុំ របស់ស្រុកស្រីស្នំខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែ ឧសភាឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុកស្រីស្នំ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកម៉ក់សំភាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុក និង ជាអភិបាលស្រុកស្រីស្នំ បានធ្វើសេចក្តីរាយការពីសកម្មភាពរបស់សមាគមនារីស្រុក និងសេចក្តីរាយការណ៍ របស់លោកជំទាវយូ សុភាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់អំពីលទ្ធផល និង សកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលអនុវត្តកន្លងមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសំណេះ សំណាលជាមួយបងប្អូនជាសមាជិកសមាគមន៏នារីកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍ស្រុក និង ឃុំ ដោយបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធា រណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតា ពិភពលោក ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នៅពេលខាងមុខនេះ ស្ត្រីយើងគ្រប់រូប គឺមានតួនាទីដ៏សំខាន់ ក្នុងការកៀងគរប្រមូលសមាជិករបស់ខ្លួន ឲ្យបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៤ មិថុនាឆ្នាំ២០១៧ខាងមុខនេះ ឲ្យបាន គ្រប់ៗគ្នា ។
ជាពិសេសស្ត្រីយើងត្រូវធ្វើការផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និង ត្រូវក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់នារីក្នុងមូលដ្ឋានខ្លួន ព្រមទាំងត្រូវធ្វើការណែនាំ ឲ្យពួកគេយល់ដឹងអំពីកាតព្វកិច្ចជាប្រជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាង ដឹកនាំរបស់ខ្លួន ដើមី្បទទួលនូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។ ម៉្យាងទៀតក៏ត្រូវធ្វើការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងធ្វើ ចលនាឲ្យបងប្អូនទាំងនោះបានមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ។កន្លងមកនារី យើងក៏មានស្នាដៃលើការងារចលនានេះ ដោយទទួលបានជោគជ័យទៀតផង។លោកជំទាវ បានគូសបញ្ជាក់ថា កត្តាសំខាន់នោះ នារីយើងត្រូវពង្រឹងពង្រីក និង បង្កើនការ ផ្សព្វផ្សាយ អបរំ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹង បច្ចេក ទេស អំពីយេនឌ័រ និង យល់ដឹងច្បាស់លាស់ពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បនារីយើងនៅគ្រប់មូលដ្ឋាន ចូលរួមគាំទ្រគណបក្សប្រជាជន ដែលជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ។ យើងត្រូវខិតខំសិក្សាស្វែងយល់នូវចំណេះដឹង បទពិសោធន៍ ដើមី្បកសាងអនាគតរបស់ខ្លួន ហើយក៏ជាកម្លាំង និង គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការឈានទៅ រកភាពជោគជ័យនាថ្ងៃខាងមុខនេះ និង សុំឲ្យបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្ម ភាពរបស់ខ្លួននៅតាមមូលដ្ឋាន នឹង ជម្រុញដល់បងប្អូននារីយើង សំខាន់ប្តីសី ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ជូនគណបក្ស ប្រជាជនកម្ពុជា នាថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើមី្បទទួលបាននូវកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិទៅថ្ងៃអនាគត ។ ក្នុងនោះដែរលោកជំទាវ និង គណៈប្រតិភូរួមដំណើរបាននាំយកនូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារី នាឱកាសនោះ ម្នាក់ៗទទួលបាននូវសារុង១ ថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕ដោយ ស៊ាន សុផាត