VIDEO សម្រស់ទឹកជ្រោះ៤ជាន់នៅលើខ្នងភ្នំគូលេន បានទាក់ទាញការចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍

0

សៀមរាបៈ  សម្រស់សោភាពទឹកជ្រោះភ្នំគូលេន ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវជាតិនិងអន្តរជាតិ ឲ្យមកកំសាន្តតាមបែបធម្មជាតិ និងបែបវប្បធម៌ អរ្យធម៌ ប្រវត្តិសាស្រ្ត ដោយសារតែនៅលើខ្នងភ្នំគួលេន មានចំនុចសំខាន់ៗ ជាច្រើនដែលជាមន្តស្នេហ៍ ដ៏មានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក  ។ ប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទៅ ទាំងក្នុងខេត្តសៀមរាប និងខេត្តនានា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ បានមក ភ្នំគូលេន ដែលជាទីតាំងបានផ្តល់កំណើតដល់អារ្យធម៌អង្គរអោយមានភាពល្បីល្បាញ និងមានឥទ្ធិពលរាប់សតវត្សនៅអាស៊ីអគ្នេយ៍ ជាពិសេសនៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿរបស់ប្រជាជនខ្មែរ ភ្នំគូលេន ជាឈ្មោះរុក្ខជាតិគូលេន មានចំងាយប្រមាណ៦០គ.ម ពីទីរួមខេត្តសៀមរាប តំបន់ភ្នំគូលេន បានក្លាយទៅជាប្រភពធនធាន ដ៏មានសារៈសំខាន់ និងពោរពេញទៅដោយសក្តានុពលខ្ពស់ទាំងខាងផ្នែកវប្បធម៌ និង ធម្មជាតិ ភ្នំគូលេនមានដំណាលតៗគ្នាមកថា ជាកោះមួយស្ថិតនៅកណ្តាលសមុទ្រ ដែលសំពៅចិនមកចតនៅទីនោះ គឺមានព្យុះយ៉ាងខ្លាំងបានបោកបក់ ធ្វើឲ្យសំពៅចិនលិចនៅទីនោះ។.

ព្រះអង្គទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាបានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក នៅចុងសតវត្សទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់ ។

ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រ ខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី ។

ជារៀងរាល់ថ្ងៃប្រជាប្រុសស្រី លោកតា លោកយាយ ជិតឆ្ងាយតែងតែនឹកឃើញរមណីយដ្ឋានភ្នំគូលេន និងជ្រើសទីតាំងនេះ សម្រាប់មកកំសាន្តទាំងធម្មជាតិ និងធ្វើបុណ្យសន្សំកុសល់ផងដែរ ក្រោយពីបានធ្វើបុណ្យផ្សងប្រាថ្នារួចមក ភ្ញៀវទេសចរណ៍ ជាច្រើនបានជ្រើសរើសទីតាំងសម្រាប់កំសាន្ត ប្រកបដោយសេចក្តីសុខ អ្នកខ្លាំងបាននាំក្រុមគ្រួសារពិសារបាយ ងូតទឹកនៅ នៅទឹកហូរប៉ប្រាស់លើផ្ទាំងថ្ម ដោយការរាំលេងសប្បាយ អ្នកខ្លះមកលេងទឹកជ្រោះដែលមាន៤កន្លែង ដែលមានសម្រស់ស្រស់ស្អាតគួរអោយគយគន់ ជាពិសេសបងប្អូននារី និង បុរសៗ ដែលមានចំណងចំណូលចិត្ត តែងកាយដូចនារីជនជាតិ ដើម្បីថតទុកជាអនុស្សាវរីយ៍ ដែលជាភស្តុតាងសំខាន់បញ្ជាក់ពីអតីតកាល ។

រមណីយដ្ឋានភ្នំគូលេន មានទីតាំងស្ថិតនៅក្នុងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលដើមឡើយប្រជាពល​រដ្ឋខ្មែរមកកំសាន្តត្រូវបានបង់លុយសំបុត្រចូលទស្សនាម្នាក់២០០០រៀល និងថ្លៃចំណតរថយន្ត៤០០០រៀល តែក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋរដ្ឋមន្រ្តី បានឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋ បានប្រកាសជាផ្លូវការ គឺលើកលែង និងបញ្ឈប់ ការយកលុយពីប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមកទស្សនារមណីដ្ឋានភ្នំគូលេន គឺឲ្យយកតែភ្ញៀវអន្តរជាតិក្នុងម្នាក់២០ដុល្លាសហរដ្ឋអាមេរិក ។

ក្នុងនោះក៏មានភ្ញៀវទេសចរណ៍ជាច្រើន បានសំណូមពរ ឯកឧត្តម ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀម​រាប ជួយបញ្ឈប់ការយកលុយពីចំណតរថយន្ត ដែលមានក្រុមមួយក្រុមតែងតែកាក់រថយន្តហើយទារលុយ ៤០០០រៀល ឬមួយដុល្លា ដោយអាងថាជាថ្លៃចំណតរថយន្ត ក្នុងនោះរថយន្តគ្រប់ប្រភេទ គឺចតគ្រប់ទីកន្លែងនៃតំបន់ទេសចរណ៍ ភ្នំគូលេន ដោយពុំមានភាពទទួលខុសត្រូវ ពីអ្នកទទួលលុយចំណតនោះឡើយបានធ្វើឲ្យបាត់បងសម្ភាររបស់ភ្ញៀវទេសចរណ៍ ជាច្រើនករណី  ដែលវាស្មើរនឹងយកលុយពីអ្នកទេសចរណ៍ទទេដោយពុំមានចំណត។

ដោយ ប៊ុន  រដ្ឋា