សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានថ្លែងដូចនេះក្នុងពិធី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ-ជប៉ុន នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្នុងនាមជាដៃគូ ដាក់ទុនវិនិយោគ
សាងសង់មន្ទីរពេទ្យមួយនេះ បានសំណូមពរឲ្យលោក KANNARI Yutaka ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យបើកដំណើរការថ្មីមួយនេះ ផ្តល់សេវាពិនិត្យ ព្យាបាល ដោយក្នុងតម្លៃអនុគ្រោះ ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពខ្វះខាត ឬក៏ដោយឥតគិតថ្លៃ ក្នុងករណីពិសេសណាមួយ ។
មន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ-ជប៉ុន បានបើកសម្ពោធជាផ្លូវការ ក្រោមវត្តមានរបស់សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តី-រាជការ ក្នុងខេត្ត និង វត្តមានទីប្រឹក្សាឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ( លោក ណាអូអាគី កាម៉ូស៊ីដា ) ។
មន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ-ជប៉ុន ស្ថិតនៅតាមដងវិថី ប៊ុនរ៉ានី ហ៊ុនសែន ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្ទៃដីប្រមាណជា ជាង មួយហិចតា ក្នុងថវិកាសាងសង់ ប្រមាណជា ជាង ២លានដុល្លាអាមេរិក នៅមិនទាន់បានគិតបញ្ចូល លើតម្លៃបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបៗនោះទេ។ មន្ទីរពេទ្យមួយនេះ មានពិនិត្យពិគ្រោះជម្ងឺ និង ជម្ងឺសំរាកពេទ្យ ពិនិត្យរោគស្រ្តីនិងសម្ភព ជម្ងឺកុមារ វះកាត់ទូទៅ សង្គ្រោះបន្ទាន់ ពេទ្យធ្មេញ វិភាគជម្ងឺ ពិសោធន៍វេជ្ជសាស្រ្ត និង ផ្នែកចក្ខុរោគ ។
មន្ទីពេទ្យមានបុគ្គលិកសារុប ៥៩ នាក់ ក្នុងនេះមានវេជ្ជបណ្ឌិតខ្មែរនិងបរទេស ១៥នាក់ ដែលមានជំនាញផ្នែកសម្ភព រោគស្រ្តី ជម្ងឺកុមារ វះកាត់ និងផ្នែកជម្ងឺទូទៅ ។ គិលាននុប្បដ្ឋាន គិលានុប្បដ្ឋាយិកា មានចំនួន ១៨នាក់ និង បុគ្គលិកផ្នែករដ្ឋបាល មាន ២៦នាក់ ។
ឯកឧត្តម សៀង ណាំ បានបន្តថា ការដាក់ទុនវិនិយោគ ជាមួយក្រុមហ៊ុន Genki Group ដែលមានលោក KANNARI Yutaka ជាប្រធាននោះ គឺសំដៅឆ្ពោះទៅបំរើសេវាសុខភាព ពិនិត្យព្យាបាលជម្ងឺ ជូនអតិថិជនជាតិ និង អន្តរជាតិ ដែលមានស្តង់ដារ ៕