ព្រះវិហារ: ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្លាត ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ បានប្រារព្វពិធីគម្រប់ខួប លើកទី៣៨ នៃទិវាគោរពញ្ញាណក្ខន្ធ២០ឧសភា
និងបើកយុទ្ធនាការដង្ហែរក្បួនព្យុះហយាត្រាថ្ងៃដំបូង ឃោសនាបោះឆ្នោតជ្រើសរើស ឃុំសង្កាត់អាណាត់ទី៤ ក្រោមអធិបតីភាព ឯកឧត្តម លី ស៊ុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈពង្រឹងឃុំថ្លាត រួមទាំងក្រុមការងារចុះជួយមូលដ្ឋាន និងមានការចូលរួមពីសមាជិក សមាជិការបក្ស សរុបចំនួន៧៥០នាក់ ពិធីនេះបានប្រារព្វធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅ ។
លោកដុំ ឈុន្នី អនុប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ឃុំថ្លាត បានបញ្ជាក់ថា ថ្ងៃ២០ឧសភា គឺជាថ្ងៃគម្រប់ខួបលើកទី៣៨ ទិវាគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៏ នៅក្នុងរបបប្រល័យពូជសាសន៍ពលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតិយ្យ ធ្វើឲ្យយើងទាំងអស់គ្នា ចងចាំមិនអាចបំភ្លេចបានចំពោះគ្រោះមហន្តរាយពីអតីតកាល ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ពោរពេញដោយក្តីរន្ធត់តក់ស្លុត ទោះបីជាពេលវេលានេះបានកន្លងផុតទៅ ជាយូរឆ្នាំមកហើយក្តី នៅតែដិតដាមជាប់ក្នុងសន្តានចិត្ត របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជានិច្ច ។
ឯកឧត្តម លី ស៊ុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈពង្រឹងឃុំ មានប្រសាសន៍ថា នៅក្នុងរយៈពេល៣៨ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជា បានពុះពារជម្នះនូវឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន និងបាននាំប្រទេសជាតិឲ្យចេញផុតពីស្រមោល នៃអតីតកាលដ៍ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យកាលដ៍ភ្លឺថ្លា ដែលពោរពេញដោយ ក្តីសង្ឃឹម ។ ឯកឧត្តមបានបន្តថា ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ គ្រប់មូលដ្ឋានឃុំសង្កាត់នៅទូរទាំងរាជធាណីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលរើកចំរើនលើគ្រប់វិស័យ ។ ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំតាមរយៈដំណើរការកែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឲ្យរដ្ឋបាលឃុំសង្កាត់ កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីជនបទ ក៍ដូចជាទីប្រជុំជនរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ៕ អត្ថបទសួនលីណា