ជិត​បោះឆ្នោត លេចមុខ​មន្ត្រី​ខិលខូច និង​អ្នកមានអំណាច មួយ​ក្តាប់​តូច ដាក់​គ្រឿងចក្រ​ទៅ​ឈូសឆាយ​បំផ្លាញ​ដំណាំ និង រំលោភ​យក​ដី​គ្រួសារ​កងទ័ព នៅ​ច្រក​អានសេះ​!

0

ខេត្តព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ២០១៧​នេះ ខណៈពេល​បក្សនយោបាយ​កំពុង​ស្វែងរក​ការគាំទ្រ​សម្លេងឆ្នោត ជ្រើសរើស​មេឃុំ​សង្កាត់​ទូទាំងប្រទេស ស្រាប់​តែមាន​ក្រុមគ្រួសារ​កងទ័ព​ជាច្រើន​នាក់ ដែល​ហ៊ាន​និយាយ​ការពិត​បាន​រាយការណ៍​មក​ថា ៖ មាន​ក្រុមមន្ត្រី​ខិលខូច និង អ្នកមានអំណាច​មួយ​ក្តាប់​តូច មាន​តួនាទី តែ​ខ្វះ​គុណធម៌ ខ្វះ​សីលធម៌ រស់នៅ​ដោយ​គំនិតអាក្រក់ និង​សកម្មភាព​ក្លែងក្លាយ នៅតែ​បន្តធ្វើ​ឲ្យ​ទឹកភ្នែក​ក្រុមគ្រួសារ​កងទ័ព​ហូរ​គ្មាន​ស្រាកស្រាន្ត ដោយសារតែ​មេទ័ព​ខ្លះ​រួមគំនិត​ជាមួយ​មន្ត្រី​ខិលខូច ប្រើ​សិទ្ធិអំណាច​តាម​ទឹក​លុយ​របស់​ឈ្មួញ​ដី ទៅ​ធ្វើបាប​គ្រួសារ​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ច្រក​អានសេះ​ក្នុង​វីរៈសេនា​តូច​លេខ ៤០៥ ចំណុះ​សឹក​រង​ខេត្តព្រះវិហារ ។​
​ប្រជាជន មន្ត្រីរាជការ និង​គ្រួសារ​កងទ័ព​ជាច្រើន​កំពុង​រស់នៅ​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ស្រឡាញ់​សន្តិភាព តាម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​ពេញៗ​មាត់​ថា ៖ ពួកគាត់​នៅតែ​គោរព​ស្រឡាញ់ សម្តេច​តេ​ជោ ជា​មេដឹកនាំ​រៀងរហូត ប៉ុន្តែ​ទង្វើ​អាក្រក់​របស់​មន្ត្រី​ខិលខូច និង​មន្ត្រី​ពុករលួយ មាន​តួនាទី​ហើយ តែ​ខ្វះ​គុណធម៌ ខ្វះ​សីលធម៌ នៅតែ​បន្តធ្វើ​ឲ្យ​ប្រជាជន​មានការ​ថ្នាំងថ្នាក់​រហូត​ឈានទៅដល់​ការខឹង​គោ​វាយ​រទេះ​ទៀតផង ។​
​ប្រជាជន​ភាគច្រើន​ដែល​រស់នៅក្នុង​ឃុំ​ជាំ​ក្សាន្ត​បាន​បង្ហាញថា ៖ លទ្ធផល​ឆ្នោត​ក្នុង​ឆ្នាំ ២០១៣ កន្លងទៅ គឺជា​សារ​មួយ​បញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​ពួក​មន្ត្រី​ខិលខូច​ពុករលួយ នៅ​តំបន់​នោះ​អោយ​ចេះ​ភ្ញាក់ កែរ​ខ្លួន ជម្រុះ​អំពើអាក្រក់ ដើម្បី​ឆក់យក​បេះដូង​ប្រជាជន មក​ចូលរួម​គាំទ្រ គោលនយោបាយ ការពារ​សន្តិភាព​រប​ស់រាជ​រដ្ឋាភិបាល​វិញ ប៉ុន្តែ​មន្ត្រី​អស់សាច់​១​ចំនួន​រួមមាន ៖ ១.​លោក​វីវៈ​សេនីយ៍​ឯក លាស់ ណា​ម មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ប្រចាំការ​នៅ​ទិស​អានសេះ ២.​លោក​វីរៈ​សេនីយ៍​ទោ រៀម ខេ​ត មេបញ្ជាការ​វីរៈសេនា​តូច ៤០៥ ៣.​លោក​វីរៈ​សេនីយ៍​ទោ ពូច សុខ​ជា មុខងារ​ជា​ឌឺ​បេ​កងទ័ពជើងគោក បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដី​ឈ្មោះ បញ្ញា និង មករា ជា​អ្នកយាម​ដី​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង ទៅ​ឈូស​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ និង រំលោភ​យក​ដី​របស់​គ្រួសារ​កងទ័ព ជាង ៥ ហិកតា ចែកគ្នា​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន សម្រាប់​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ។​
​ប្រជាជន​បាន​ឲ្យ​ដឹង​ទៀតថា ៖ ពួក​មន្ត្រី​ខិលខូច​ខាងលើនេះ ពូកែ​ណាស់​ខាង​លូន​ក្រាប​លុតជង្គង់​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ តែ​នៅ​ពី​ក្រោយខ្នង​ថ្នាក់ដឹកនាំ​វិញ ជាន់ករ​មន្ត្រី​តូចតាច និង​រាស្ត្រ​ទន់ខ្សោយ​គ្មាន​ត្រា​ប្រណី ។ ពួកគាត់​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយះ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ៖ សូម​សម្តេច​មេត្តាជួយ បញ្ឈប់​សកម្មភាព មន្ត្រី​ខិលខូច​ឲ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​ដល់​គ្រួសារ​កងទ័ព ដែល​កំពុង​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ ជាពិសេស​សូម សម្តេច ចាប់ផ្តើម​ដុះក្អែល​មន្ត្រី​ខិលខូច និង​ត្រូវតែ ហ៊ាន​កាត់​សាច់​ស្អុយ​គ្រវាត់ចោល ប្រសិនជា​អាច​កាត់​សាច់​ស្អុយ​គ្រវាត់ចោល​បាន នោះ​គោលនយោបាយ ការពារ​សន្តិភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ជា​អមៈតៈ​រៀងរហូត ៕