ខេត្តបន្ទាយមានជ័យៈ លោក រៀម រឹទ្ធ នាយរងប៉ុស្តិ៍ការពារព្រំដែនអូរល្ហុង កូនចៅលោក ហាំ វណ្ណះ មេបញ្ជាការវរះនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលនឹងត្រូវប្រកាស់ចូលកាន់តំណែងជាមេប៉ុស្តិ៍នាពេលឆាប់ៗខាងមុខនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបែកធ្លាយប្រភពពត៌មានមកថា នាយរងប៉ុស្តិ៍រូបនេះបានលួចបើកច្រករបៀងខុសច្បាប់ នាំចូលទំនិញគេចពន្ធ និងសត្វព្រៃគ្រប់ភេទពីថៃយកមកលក់ចែកចាយនៅលើទឹកដីកម្ពុជា តែចំថ្ងៃស៊ូយ ត្រូវកម្លាំងយោធាសឹករងស្ទាក់ចាប់បានទាំងឡាននិងមនុស្សកាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត បានធ្វើការស្ទាក់ចាប់រថយន្ត កាំម៉ារីសេរី១៩៩៥ជ្រុង ចង្កូតស្តាំ០១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A: 2604 ត្រូវបានគេដឹងថារថយន្តនេះជាកម្មសិទ្ធិរបស់លោក រៀម រឹទ្ធ នាយរង ប៉ុស្តិ៍នគរបាលអូរល្ហុង ចំណុះឲ្យវរះសេនាតូចគរបាលការពារព្រំដែនគោកលេខ៨៩១ កូនចៅលោក ហាំ វណ្ណះ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងយោធាសឹករងបានប្រដាប់ដោយអាវុធវែងខ្លី ដឹកនាំដោយលោក ឡេង ហុងលៀង មេបញ្ជាយោធាផ្នែកប្រតិបត្តិការសឹងរងក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងរបស់ខ្លួនជិត១០នាក់ បានស្ទាក់ចាប់រថយន្តដឹកសត្វព្រៃនេះ នៅចំនុចខាងកើតប៉ុស្តិ៍នគរបាលការពារព្រំដែនអូរល្ហុង៩០០ម៉ែត្រ ក្នុងបានដក ហូតអណ្តើកចំនួន១១៧ក្បាល ស្មើ៤៥០គីឡូក្រាម គន្ទាយ១៥ក្បាល ពស់វែក១៥ក្បាល និងប្រវឹក១៦០ក្បាល ។
ពាក់ពន្ធ័ករណីនេះលោក នៅ និល នាយសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ បាននិយាយថា លោកមិនបានដឹងរឿងរ៉ាវទាំងនេះទេ ហើយសត្វព្រៃមួយរថយន្តដែលកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែតចាប់បានក៏មិនឃើញ បញ្ជូនមកអោយជំនាញចាត់ចែងបន្តតាមច្បាប់ដែរ។
លោក ឡេង ហុងលៀង មេបញ្ជាការផ្នែកសឹងរងក្រុងប៉ោយប៉ែតបានអោយដឹងតាមទូរសព្ទ័ថា ពិតជាបានចាប់រថយន្តដឹកសត្វព្រៃ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A: 2604 មែន ក្រោយពីរថយន្តនេះដឹកសត្វព្រៃ ចេញពីច្រករបៀងមួយកន្លែងគ្រប់គ្រងដោយកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរល្ហុង ហើយបានរកឃើញសត្វព្រៃមួយរថយន្តមាន ពស់ អណ្តើក គន្ធាយ និងប្រវឹកជាច្រើនក្បាល ខណះដែលឈ្មួញនាំចូលពីថៃតាមច្រកមួយ នេះ ក្នុងបំណងយកទៅលក់ចែកចាយបន្តតាមបណ្តាខេត្ត។
ទន្ទឹមគ្នានៃការបង្ក្រាបបទល្មើសជំនួញសត្វព្រៃនៅច្រកអូរល្ហុងនេះ ត្រូវបានគេដឹងថា លោក រៀម រឹទ្ធ បានភ័យស្លន់ស្លោ ខណះត្រូវកម្លាំងទាហានយកកាំភ្លើងមកច្រូងច្រាងស្ទាក់ព័ទ្ធជុំវិញរថយន្ត នាយរងប៉ុស្តិ៍រូបនេះ ពេលនោះខ្មាស់គេជាងអត់ស្លៀកខោទៅទៀត បានលើកម្រាមដៃសំពះសុះអង្វរអោយគេលើកលែងអោយខ្លួន ខណះដែលខ្លួនកំពុងរកស៊ីខុសច្បាប់ ហើយបង្កើតបទល្មើសដោយខ្លួនឯង។បទល្មើសនេះអាចមានអ្នកមានអំណាចមួយចំនួននៅពីក្រោយខ្នង ទើបបានលោកសក្តិ២រូបនេះហ៊ានធ្វើព្យុះភ្លៀងតាមអំពើចិត្ត ក្រៅពីនាំចូលសត្វព្រៃ ច្រកអូរល្ហុងក៏មាននាំចូលទំនិញគេចពន្ធផ្សេងៗផងដែរ។
សូមរំលឹកថា លោកសក្តិ២ រៀម រឹទ្ធ នេះបច្ចុប្បន្នមានអត្តលេខ៥២១៤៧ មានឋានះជានាយរងប៉ុស្តី៍អូរល្ហុង និងត្រូវថ្នាក់លើប្រកាស់ឲ្យចូលកាន់តំណែងជានាយប៉ុស្តិ៍ស្របច្បាប់នាពេលឆាប់ៗខាងមុខ តាមសេចក្តីសម្រេចលេខ២៣៧ សសរ.អនប របស់អគ្គស្នងការនគរបាលជាតិ ចុះហត្ថលេខាទទួលស្គាល់ដោយនាយឧត្តម សេនីយ៍ នេត្រ សាវឿន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។
ក្រោយបែកធ្លាយពត៌មាននេះ ភ្នាក់ងាយើងបានព្យាយាមសុះការពន្យល់ពីលោក ហាំ វណ្ណះ មេបញ្ជាការវរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ផងដែរ តែមិនបានផលទេ ព្រោះទូរសព្ទ័ចូលគ្មានអ្នកទទួល៕ដោយ:ឃិន គន្ធា