កំពង់ចាម: បុរសពោះម៉ាយម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់ រំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯង
រហូតដល់ទៅ៣នាក់ជាបន្តបន្ទាប់ គ្រាដែលចេញទៅធ្វើចំការ នៅឯខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ គ្រាដែលជនសង្ស័យបំរុងចាប់កូនស្រីទី២ រំលោភបន្តទៀត តែមិនបានសម្រេច ដោយ កូនស្រីស្រែកយំ រហូតបែកការណ៍ ដល់សមត្ថកិច្ច ចុះទៅចាប់ខ្លួនតែម្តង។
ជនសង្ស័យមានឈ្មោះយូរ សាន អាយុ៤៦ឆ្នាំ ជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោល មានកូនស្រីចំនួន៣នាក់ កូនស្រីទី១-មានអាយុ១៨ឆ្នាំ កូនស្រីទី-២ មានអាយុ១៦ឆ្នាំ និងកូនស្រីទី-៣ មានអាយុ១០ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា។
ប្រភពបានបន្តឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមគ្រួសារនេះ រស់នៅជួបជុំគ្នា ប្រកបមុខរបរធ្វើចំការ នៅឯខេត្តកំពង់ធំ គ្រានោះប្រពន្ធជនសង្ស័យបានឃើញ សកម្មភាពមិនល្អទៅលើកូនស្រីបង ហើយបានប្រាប់ប្តី កុំឲ្យប្រព្រឹត្ត តទៅទៀត ប៉ុន្តែប្តីមិនព្រមស្តាប់ គឺនៅតែបន្តប្រព្រឹត្ត អំពើមិនគប្បីលើកូនស្រីដដែល ទ្រាំមិនបាន ប្រពន្ធបាន នាំកូនស្រីទាំង៣នាក់ មករស់នៅស្រុកកំណើត នៅឯខេត្តកំពង់ចាមវិញ ហើយក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់តែម្ដង។
ដោយមិនព្រមបោះបង់ចោលគំនិត ជនសង្ស័យនៅតែ បន្តសកម្មភាព ចាប់កូនស្រី រំលោភបន្តទៀត រហូតបែកការត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ហើយជនសង្ស័យក៏បានឆ្លើយសារភាពពីទោសកំហុសរបស់ផងដែរ ៕