ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត​ នៅ​ឃុំ​ស្ពឺ​ សូម​ឲ្យ​សមត្ថកិច្ច​ ជួយ​រក​យុត្តិធម៌​ ខណៈ​ដែលជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​

0

កំពង់ចាម​:​ ជម្លោះ​ដោយ​ពាក្យ​សម្ដី​ រហូត​ប្រែក្លាយ​​ទៅ​ជា​អំពើ​ហិង្សា​ ដែល​ស្ត្រី​ម្នាក់​ត្រូវ​គូរ​ភាគី​ទំនាស់​ ប្រើ​កាំបិត​ប៉័ងតោ​កាប់​ប្រហារ​ បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ជន​បង្ក​បាន​រត់​គេចខ្លួនបាត់​។


ដោយ​ទទួល​ការ​សង្គ្រោះ​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ខេត្តកំពង់ចាម​ រហូត​ដល់​ថ្ងៃ​ទី​១​ ខែ​មិថុនា​នេះ​ ​ស្ត្រី​រងគ្រោះ​បាន​ធូរស្បើយ​បន្តិច​ហើយ​ តែ​ជន​ដៃដល់​មិន​ទាន់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅឡើយទេ​ ដូច្នេះ​ស្ត្រី​រងគ្រោះបាន​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​។
អធិការ​នគរបាល​ស្រុក​ចំការ​លើ​ លោក​ខេង​ ស្រេង​ បាន​ប្រាប់​តាម​ទូរសព្ទ​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១​ ខែ​មិថុនា​ នេះ​ថា​ ករណី​ហឹង្សា​ដោយ​ចេតនា​នេះ​ ថ្វីត្បិតតែ​ពេលនេះ​ ​ជន​ដៃដល់​បាន​រត់​គេច​ខ្លួន​ក៏ពិត​មែន​ តែ​មិនអាច​រត់​គេច​ពី​សំណាញ់​ច្បាប់​បាន​រហូត​នោះ​ទេ​ ហើយ​ទោះបីជា​មាន​ការ​សម្របសម្រួល​រវាង​ភាគី​ទាំង​សង្ខាង​ក៏ដោយ​ ក៏​ជន​បង្ក​មិន​អាច​រួច​ខ្លួន​បាន​ដែរ​ ព្រោះ​ករណី​កាប់​ប្រហារ​​លើ​ជនរងគ្រោះ​នេះ​ វា​មាន​ភាព​សាហាវ​ព្រៃផ្សៃ​ណាស់​ ដូច្នេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​ ដាក់​ទៅ​តុលាការ​រួចរាល់​អស់​ហើយ​ និង​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​ផង​ដែរ​។
គួររំលឹក​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៩និង​២០នាទី​ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិត​ក្នុងភូមិស្ពឺកើត ឃំុស្ពឺ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម​ មានករណីហឹង្សាដោយចេតនាមួយ​ ដែល​ប្រព្រឹត្តិដោយឈ្មោះឌុល សុវណ្ណរិទ្ធ ភេទប្រុស​ អាយុ២៧ឆ្នាំ​​ ផាតិខ្មែរ​ នៅភូមិស្ពឺ(ក)ឃំុជយោ បានយកកាំបិត​ប៉័ងតោ​ កាប់ទៅលើឈ្មោះស៊ូ​ សុខឡាយ ភេទស្រី​ អាយុ៤៨ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិក្បាលហុងចាស់ ឃំុល្វាលើ ស្រុក​ចំការ​លើ​ ត្រូវចំនួន០៣កន្លែង ១-ត្រូវក្បាលផ្នែកខាងឆ្វេង​ ២-ត្រូវកជើងខាង​ស្តាំ​ និង​៣-ត្រូវក្បាលជង្គង់​ឆេង​។
ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជន​ដៃ​ដល់​បាន​រត់​គេចខ្លួនបាត់​ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ ៕