កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញបង្ក្រាបមេកន្ទុយលេខឃាត់មនុស្ស៣នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

0

កំពង់ស្ពឺ៖ ដោយមានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងនោះ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និង

កម្លាំងអាវុធហត្ថស្រុកបសេដ្ឋ ចំនួន១២នាក់ បានចុះបង្រ្កាបក្រុមមេកន្ទុយលេខមួយសំបុក នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា មេខ្លោងកន្ទុយលេខទាំង៣នាក់នេះ គឺសកម្មខាងកត់កន្ទុយលេង ដោយក្នុងនោះរួមមានឈ្មោះ ស្រេង រតនា អាយុ៣៣ឆ្នាំ, ឈ្មោះ ខិន ពុទ្ធា ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះ ពិល ទុង អាយុ១៧ឆ្នាំ។
ក្នុងការបង្ក្រាបនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ប្រាក់៣៣ម៉ឺនរៀល ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង ប៊ីច១៩ដើម ហ្វឺត៤ដើម កាស្យូ២គ្រឿង ត្រាវាយក្រដាស់ឆ្នោត១ សៀវភៅឆ្នោត៤ក្បាល ក្រដាស់កត់ ឆ្នោតរួច៤សន្លឹក កាបូន២ដុំ បន្ទាត់១ ទឹកលុប២ដើម ប្រដាប់កិបក្រដាស់១។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា ខណៈនេះជនសង្ស័យ និងវត្តុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ដោយបាននិងកំពុង ចាត់វិធានការក្ដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាក់ស្ដែងដូចជាល្បែងស៊ីសងនេះជាដើម ដើម្បីកាត់បន្ថយ និងលប់បំបាត់ភាពអសន្តិសុខ ក៏ដូចជាអំពើហិង្សាក្នុងសង្គម ដែលមានឫសគល់ចេញពីការប្រព្រឹត្តល្បែងអបាយមុខទាំងនេះ៕