សៀមរាប ៖ដោយអនុវត្តតាមស្មារតីអង្គជុំកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៤កន្លងទៅរបស់លោកពៅ ជុំនាយកដែនជំរកសត្វព្រៃបឹងពែរសៀមរាប ស្តីពីការចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់។
ជាស្តែងនៅថ្ងៃទី០៧រហូតដល់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៤កន្លងទៅ លោកគង់ សុគន្ធាប្រធានស្នាក់ការបរិស្ថានដែនជុំរកសត្វព្រៃបឹងពែរខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកនាំកំលាំងមន្ត្រីចុះល្បាតទប់ស្កាត់នឹងបង្ក្រាបបទល្មើសកាត់បំផ្លាញព្រៃឈើ រានព្រៃយកដីធ្វើកម្មសិទ្ធ នឹងបាន ដាក់ផ្លាកហាមឃាត់មិនឲ្យកាប់ដើមឈើផងដែរ ។ ជាលទ្ធផលសមត្ថកិច្ចបរិស្ថាន បានរកឃើញនិងបានធ្វើការដកហូតម៉ាស៊ីនត្រង់ស៊ីន័រចំនួន២គ្រឿង និង សំភារះបំរើឲ្យបទល្មើសមួយចំនួន នៅត្រង់ចំណុចក្នុងភូមិសាស្ត្រឃុំខ្វាវ។ រីឯជនល្មើសដែលបានធ្វើសកម្មភាពខាងលើបាននាំគ្នារត់គេចខ្លួនអស់។
លោកគង់ សុគន្ធា ប្រធានស្នាក់ការខ្វាវបានឲ្យដឹងថា៖ ការចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់នេះ លោកបានធ្វើជាប្រចាំដូចភ្លៀងរលឹម តែការធ្វើនេះហាក់បីដូចវែក ចកក្នុងទឹក ពេលកំលាំងលោកចុះល្បាតជនល្មើសដឹងខ្លួនជាមុនបានឈប់ធ្វើសកម្មភាពបទល្មើស ពេលកំលាំងលោកវិលត្រឡប់ទៅវិញ ក្រុមជនល្មើសចូលទៅធ្វើសកម្មភាពដ៏ដែល៕