ដល់កហើយស្រុកកោះញែក ក្រោមការគ្រប់គ្រង របស់លោក មើល សឿន

0

ដោយ: យក្ខឡោម

ខេត្តមណ្ឌលគិរី៖ លោក មើលសឿន អភិបាលស្រុកកោះញែក និងជាប្រធានគណៈបញ្ជាការឯកភាព ស្រុក ត្រូវបានពលរដ្ឋរិះគន់ថា អសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការចុះបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងមូលដ្ឋានរបស់លោក។
ពីព្រោះរាល់ថ្ងៃនេះឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើនៅក្នុងស្រុកនេះយ៉ាងអនាធិតេយ្យយកទៅទម្លាក់នៅក្នុងទឹកដីខេត្តរតនគិរីជាប់នឹងព្រំប្រទល់ខេត្តមណ្ឌលគិរី រវាងស្រុកកោះញែក និងស្រុកលំផាត់ត្រង់ចំណុចកន្លែងវ៉ៃថ្មសម្រាប់ឱ្យក្រុមឈ្មួញខេត្តរតនគិរីដឹកជញ្ជូនបន្តយកទៅលក់ឱ្យឈ្មួញយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

បើតាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថាក្នុងមួយយប់ៗក្រុមឈ្នួញបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់ មិនក្រោម៣០-៤០គ្រឿងទេ តាមរយះរថយន្តសាំយ៉ុងរថយន្ត កាមរីគូថស្វិត គូថហើម កាមរីឆ្លាម កាមរីបាឡែន វិហ្គូ និងឡង់គ្រីស័រជាដើម។

ប្រភពដដែលបានឱ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីស្រុកកោះញែក ក៏មានរថយន្តដឹកឈើរបស់សមត្ថកិច្ចមួយចំនួនផងដែរ ព្រមទាំងអ្នកកាសែតមួយក្តាប់តូច។

ក្រោយពីកម្លាំងប្រតិបត្តិការសឹងរងខេត្តមណ្ឌលគីរី ចុះបង្រ្កាបចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះសកម្មភាពដឹកជញ្ជូនឈើប្រណិតនៅក្នុងស្រុកនេះពុំមានសកម្មភាពឡើយ តែក្រុមឈ្មួញបានផ្ទុកឈើប្រណិតនៅក្នុងរថយន្តហើយយកទៅលាក់ទុកចាំមានឱកាសបានធ្វើការដឹកជញ្ជូនឈើចេញ។

រហូតមកដល់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយសារក្រុមឈ្មួញទ្រាំមិនបាន បានធ្វើសកម្មភាពរហូតដល់មានករណីបាញ់បោះចំនួនបីគ្រាប់នៅមូលដ្ឋាលស្រុកកោះញែក នៅវេលាម៉ោង១០យប់ នៅជិតព្រំប្រទល់ខេត្តរតនគិរី នឹងខេត្តមណ្ឌលគិរី ត្រង់ចំណុចវ៉ៃថ្ម ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។

សេចក្តីរាយការណ៏ពីស្រុកកោះញែកបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមាន រថយន្តឡង់គ្រីស័រពីរគ្រឿងបានផ្ទុកឈើប្រណិតពេញៗ ដឹកចេញពីស្រុកកោះញែក ឆ្ពោះទៅស្រុកលំផាត់ ខេត្តរតនគិរី តាមបណ្តោយផ្លូវជាតិលេខ៧៦។

នៅពេលរថយន្តដឹកឈើទាំងពីរគ្រឿងបានធ្វើដំណើរទៅដល់ ចំណុចជិតអូរវ៉ាក់ រថយន្តរបស់យោធាវរៈ១ ម៉ាកកាមរីឆ្លាម ដេញតាមពីក្រោយដើម្បីចាប់បង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ម៉ុងតេរ៉ូ ដែលគេស្គាល់ថា ជាកម្មសិទ្ឋរបស់ឈ្មោះ ម៉ា ម៉េងធី មន្ត្រីយោធាទីចាត់ការព្រំដែន បានបើកទៅបិទពីមុខរបស់យោធាវរៈ១ នឹងគៀរថយន្តកាមរីឆ្លាមរបស់យោធារវៈធ្លាក់ផ្លូវខាងឆ្វេងដៃ ខូចខាតអស់មួយផ្នែក តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ។

លោកវរៈសេនីយ៏ទោ ឃិន បញ្ញា មេបញ្ជាការវរៈសេនាតូចអន្តរាគមន៏លេខ១ បានឲ្យដឹងថា ពិតជាមានករណីបាញ់ដូចសេចក្តីរាយការណ៏ខាងលើនោះមែន។

ហើយអ្នកបាញ់គឺជា មន្ត្រីរបស់លោកដែលបានចាត់ទៅដើម្បី ទប់ស្កាត់នឹងបង្ក្រាបការជួញដូរឈើខុសច្បាប់ ប៉ុន្តែនៅពេលមន្ត្រីរបស់លោកកំពុងអនុវត្តន៏ការងារ ស្រាប់តែមានជនម្នាក់ដែលគេស្គាល់ថា ធ្លាប់ធ្វើការនៅតំបន់ប្រតិបត្តិការសឹករងខេត្ត ឥឡូវឮថា ធ្វើការនៅទីចាត់ការព្រំដែន បានចេញរថយន្តមកបាំងរថយន្តសមត្ថកិច្ចដែលកំពុងប្រតិបត្តិការការងារ។

លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ចំពោះករណីនេះលោកកំពុងស្រាវជ្រាវ លំអិតថា តើបុគ្គលឈ្មោះ ម៉ា ម៉េងធី ពិតជាកាងបទល្មើសព្រៃឈើឬយ៉ាងណា។
ចំណែកករណីបាញ់ចំនួនបីគ្រាប់នោះ ក៏ដោយសារតែមន្ត្រីរបស់លោក បាញ់បង្អើលរថយន្តដែលបានធ្វើសកម្មភាពគៀរថយន្តរបស់សមត្ថកិច្ច។
មន្ត្រីយោធាឈ្មោះ ណាត បម្រើការងារនៅវរៈ១បានទទួលស្គាល់ថា ពិតជាបានបាញ់មែន ដើម្បីការពារខ្លួនពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់។

ចំណែកឈ្មោះ ម៉ា ម៉េងធី បានប្រាប់អ្នកកាសែតថា ខ្លួនមិនបានកាងបទល្មើសនោះទេ ខណៈពេលកើតហេតុខ្លួនក៏ធ្វើសកម្មភាពដេញ ប្រម៉ាញ់រថយន្តដឹកឈើដែរ មិនមានចេតនារារាំងរថយន្តយោធាវរៈ១នោះឡើយ។

ទោះយ៉ាងណាក៏ដោយករណីខាងលើនេះគេនៅមិនទាន់ដឹងថា អាជ្ញាធរមូលដ្ឋាននឹងមានវិធានការបែបណានោះទេ ចំពោះការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់រហូតដល់មានការផ្ទុះអាវុធបែបនេះ ៕