ចេញពិធីមង្គលការស្រវឹងស្រាអង្គុយបន្ទោបង់លើផ្លូវរថភ្លើងកិនស្លាប់

0

ខេត្តកំពត៖ កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៧ បុរសម្នាក់បានស្លាប់ភ្លាមដោយដៃម្ខាងខ្ទាតពីខ្លួនប្រហែល៥០ម៉ែត្រ ព្រោះតែរថភ្លើងបុកនៅក្នុងទឹកដីភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរក្រុងកំពត។
បុរសរងគ្រោះឈ្មោះកន រ៉ាវឿន អាយុ ៤៧ឆ្នាំ មានទីលំ នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ដោយស្រង់សម្តីរបស់សាច់ញាតិបុរសរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ជនរងគ្រោះត្រូវគេហៅឲ្យទៅចូលរួមក្នុងពិធីមង្គលការមួយគ្រាន់បានជាគ្នា។ មិនដឹងថាការត្រឡប់មកវិញនៅម៉ោងប៉ុន្មាន ឬអ្នកណាជូនមកទេស្រាប់ តែព្រលឹមស្រាងៗអ្នកភូមិម្នាក់ប្រាប់ថាជនរងគ្រោះបានស្លាប់នៅលើផ្លូវរថភ្លើងទៅហើយ។
ហេតុការណ៍នេះអាចកើតឡើងនៅចន្លោះម៉ោងជាង១២រំលងអធ្រាត្រព្រោះរថភ្លើងឆ្លងកាត់ខ្សែចុងក្រោយនៅវេលានោះ។ជនរងគ្រោះតែងចេញចូលផ្ទះដោយមិនមានអ្នកណាដឹងព្រោះគាត់ជាបុរសពោះម៉ាយឧស្សាហ៍ដើរផឹកស្រាព្រោះតែខូចចិត្តបន្ទាប់ពីប្រពន្ធលែងលះ។
តាមរយៈការពិនិត្យនៅទីតាំងកើតហេតុ មុនពេលគ្រោះថ្នាក់កើតឡើង អាចជនរងគ្រោះស្រវឹង និងអង្គុយបន្ទោបង់លើផ្លូវរថភ្លើង ហើយងងុយដេកផងទើបមិនដឹងរថភ្លើងមកដល់បានបុក កិនដាច់ដៃម្ខាងបណ្តាលឲ្យស្លាប់បែបនេះ៕