សិស្សសាលា៧នាក់នៅខេត្តព្រះវិហារសង្ស័យពុលផ្លែឪឡឹកពេលកំពុងរៀនតែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

0

!

ខេត្តព្រះវិហារ៖សិស្សសាលា៧នាក់ នៃបឋមសិក្សាមួយ នៅក្នុងខេត្តព្រះវិហារ សង្ស័យពុលផ្លែឪឡឹក ក្រោយការបរិភោគនៅក្នុងបរិវេណសាលារៀននៅម៉ោងចេញលេង ដោយសិស្សទាំងនោះ ត្រូវគេឃើញមានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង ប៉ុន្តែ ត្រូវបានគេជួយសង្គ្រោះបានទាន់ពេលវេលា។ សាលាដែលសិស្សពុលផ្លែឪឡឹកនោះ គឺជាសាលាបឋមសិក្សាឬស្សី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីនគរបាលស្រុកឆែបបានប្រាប់ឲ្យដឹងថា សិស្សដែលរងការពុលផ្លែឪឡឹកនោះ មានចំនួន៧នាក់ ក្នុងនោះស្រី៣នាក់ រៀននៅសាលាបឋមសិក្សាឬស្សី ហើយមូលហេតុដែលនាំឲ្យមានការពុលនេះ មន្ត្រីជំនាញរកឃើញថា សិស្សទាំង៧នាក់នោះបាននាំគ្នាទិញផ្លែឪឡឹកដែលគេពុះលក់នៅក្នុងបរិវេណសាលានោះយកមកហូប បន្ទាប់មកពួកគេក៏ចូលរៀនជាធម្មតា រហូតដល់ម៉ោងចេញទៅផ្ទះវិញ ស្រាប់តែគេឃើញ សិស្សទាំងនោះមានអាការៈទន់ដៃទន់ជើង និងក្អួតចង្អោរថែមទៀត មិនបង្អង់យូរលោកគ្រូ អ្នកគ្រូ និងក្រុមមន្ត្រីជំនាញបានបញ្ជូនសិស្សដែលរងការពុលនោះ មកកាន់មណ្ឌលសុខភាពឆែប។ លោកថា ក្រុមមន្ត្រីជំនាញបានយកផ្លែឪឡឹកនោះទៅពិនិត្យ និងបានហៅអ្នកលក់មកសួរនាំផងដែរ។
មន្ត្រីមណ្ឌលសុខភាពឆែប លោកបាន សុខចំរើន បានប្រាប់ឲ្យដឹងថា សិស្សទាំង៧នាក់នោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយបញ្ចូលសេរ៉ូមឲ្យ ហើយរហូតមកទល់ពេលនេះ ស្ថានភាពជនរងគ្រោះបានវិលត្រឡប់មករកភាពដើមវិញហើយ។ លោកថា លោកមិនទាន់ហ៊ានសន្និដ្ឋានថា ផ្លែឪឡឹកនោះមានសារធាតុពុល ឬក៏អ្នកលក់ខ្វះអនាមយ័នោះទេ? ព្រោះនៅមណ្ឌលសុខភាពរបស់លោក មិនមានសម្ភារៈពិសោធន៍គ្រប់គ្រាន់ឡើយ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលលក់ដូរចំណីអាហារ ត្រូវតែរក្សាឲ្យបាននូវអនាម័យ ជៀសវាងកុំឲ្យប៉ះពាល់សុខភាពអ្នកទិញ ហើយចំពោះប្រជាកសិករដែលដាំផ្លែឪឡឹក សូមកុំប្រើជីគីមីច្រើនពេក៕ សេង ពិសិដ្ឋ