អ្នកកាសែត៤នាក់រងការចោទប្រកាន់ពីបទកំរាមកំហែងពីឈ្មួញដឹកជន្លុងស្រកានាគ ចំនួន៦០០ដុល្លាត្រូវកម្លាំងអាវុធហត្ថខេត្តរតនគីរី ចាប់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី ៖ អ្នកកាសែតប្រុស ស្រី៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោយពីបញ្ចប់ការសាកសួរ ពាក់ព័ន្ធករណីក្រុមជនសង្ស័យទាំងនេះ ទារលុយពីរថយន្ដសាំយ៉ុងដឹកជន្លង់ស្រកានាគ។

​លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ​បានបញ្ជាក់ថាអ្នកកាសែតប្រុស-ស្រី៤នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅ​ថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ហើ​យ​ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់រថយន្តសាំយ៉ុង ដឹកជន្លង់ស្រកានាគថា ក្រុមអ្នកកាសែតទាំងនេះទារលុយ។

​អ្នកកាសែតប្រុស-ស្រី4នាក់ខាងលើនេះ ទី១- ឈ្មោះ យ៉ន ទិត្យ(ហៅទិត្យឦសាន) អង្គភាពយុវជនខ្មែរព័ត៌មាន ទី២-ឈ្មោះ ប៉េង សុត្ថារ៉ាក់ អង្គភាពCPNអនឡាញ ទី៣-ឈ្មោះ ម៉ី ម៉េងហ៊ុយ អង្គភាពដំណឹងភ្នំពេញ និងទី៤-ឈ្មោះ ចាន់ ណារ៉ា ភេទស្រី អង្គភាពTNM អនឡាញ។

បើតាមលោកមេបញ្ជាការបន្ថែមថា លោក យ៉ន ទិត្យ ទារលុយប្រចាំខែ៥០០ដុល្លារ ក្នុងមួយខែរីឯក្រុមម្ខាងទៀត មានគ្នា៣នាក់ទារលុយពី ម្ចាស់សាំយ៉ុងដឹកជន្លង់ស្រកានាគ៦០០ដុល្លារ។ ​លោកថា ក្រោយពីជំនាញអាវុធហត្ថសាកសួរពួកគាត់ទាំង៤នាក់ខាងលើ ហើយបានឆែកឃើញលុយដុល្លារក្លែងក្លាយ ​ចំនួន១៦សន្លឹក នៅជាប់នឹងខ្លួនជាមួយអ្នកកាសែតឈ្មោះ ប៉េង សុត្ថារ៉ាក់ និងឈ្មោះ ម៉ី ម៉េងហ៊ុយ ហើយបាន​​សារភាពថាពិតជាបានទារលុយពិតប្រាកដមែន ៕ដោយ: យក្ខឡោម