សៀមរាប៖ ដើម្បីអបអរទិវាផ្តល់ឈាមពិភពលោក និងចូលរួមអបអរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មន្នីនាថ សីហនុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត យុវជនប្រមាណជាង៣០០នាក់ ដែលពួកគេជាសិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុននានា នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តបរិច្ចាគឈាម ក្នុងយុទ្ធនាការ ចែករំលែកឈាមរបស់អ្នកដើម្បីសង្គ្រោះជីវិតស្ត្រីនិងម្តាយ ។
យុទ្ធនាការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នៅក្នុងមជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។
លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានមានប្រសាសន៍ថា ការស្ម័គ្រចិត្តផ្តល់ឈាមរបស់ក្រុមយុវជនទាំងជាងបីរយនាក់នាពេលនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានទេ ព្រោះឈាមគឺជាឧិសថមួយប្រភេទដែលចាំបាច់បំផុតនៅក្នុងការសង្គ្រោះជីវិតមនុស្ស។ លោកបន្តថា ជារៀងរាល់ថ្ងៃ មានអ្នកជំងឺ ជាច្រើននាក់ត្រូវបានជួយសង្គ្រោះជីវិតដោយការចាក់បញ្ចូលឈាមនេះ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានឲ្យដឹងដែរថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យនេះ ត្រូវការឈាមពី២ពាន់ទៅបីពាន់ប្លោកសម្រាប់សង្គ្រោះជីវិតមនុស្ស ដូច្នេះចាំបាច់ណាស់សម្រាប់ការគៀងគរឲ្យមានការស្ម័គ្រចិត្ត ផ្តល់ឈាមនេះ។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានឲ្យដឹងថា នៅកម្ពុជា ការស្ម័គ្រចិត្តផ្តល់ឈាម មានចំនួនភាគរយតិចនៅឡើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់ថា លោកនឹងខិតខំធ្វើយ៉ាងណាអំពាវនាវឲ្យមានការចូលរួមបរិច្ចាគឈាមនេះ ឲ្យមានភាគរយកាន់តែខ្ពស់នៅថ្ងៃខាងមុខ៕