ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋដែលបានកាប់ចំណែកដីតំបន់ឃ្លាំងលើស្និតក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុបានសំដែងក្តីត្រេកអរនិងគាំទ្រចំពោះគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជាដែលបានសម្រេចកាត់ឆ្វៀលព្រមទាំងអនុញ្ញាតអោយពួកគាត់ដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីឈានដល់ការចេញបណ្ណ័កម្មសិទ្ធស្របច្បាប់នៅពេលខាងមុខ។
ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៏ថា៖”រដ្ឋបាលខេត្តកំពុងពិភាក្សាជាមួយមន្ត្រីជំនាញសូរិយោដីខេត្តដើម្បីរកគន្លឹះងាយស្រួលក្នុងការធ្វើបណ្ណ័កម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋហើយ”។
ឯឧ យន្ត មីន បានបង្ហើបអោយដឹងទៀតថា”តាមគំនិតរបស់លោកគឺលោកចង់អោយធ្វើការចុះបញ្ជីដីនេះជាលក្ខណៈប្រពន្ធ័។តែយ៉ាងណាបញ្ហានេះរងចាំការពិភាក្សាគ្នាជាមួយសូរិយោដីសិន។”
សូមបញ្ជាក់ជូនផងដែរថាប្រជាពលរដ្ឋដែលបានរស់នៅលើដីនៅតំបន់ឃ្លាំងលើសង្កាត់១ភាគច្រើនគឺពុំទាន់មានបណ្ណ័កម្មសិទ្ធដីធ្លីទេព្រោះទីនេះកន្លងមកជាតំបន់ស្ថិតក្នុងតំបន់ដីអនុក្រឹត្យលេខ៧៦ដែលជាតំបន់រដ្ឋការពារទុកសំរាប់រក្សាប្រភពទឹកសាបក្បាលឆាយ។
យោងតាមអនុក្រឹត្យលេខ៧៦នេះដីដែលត្រូវការពារសំរាប់រក្សាប្រភពទឹកសាបក្បាលឆាយនេះមានផ្ទៃដីរហូតដល់ជាង៦០០០ហិចតាឯនោះ។តែមកដល់បច្ចុប្បន្នតំបន់ត្រូវបានកាត់ឆ្វៀលបួនទៅប្រាំដងជាបន្តបន្ទាប់រួចហើយផងដែរ។
ថ្មីៗនេះពាក់កណ្តាលឆ្នាំ២០១៦ រាជរដ្ឋាភិបាលបាន ចេញអនុក្រឹត្យលេខ១១៦មួយទៀតស្តីពីតំបន់ក្បាលឆាយនេះដោយបង្កើតតំបន់នេះទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាងនិងបានឆ្វៀលដីមួយចំណែកដែលពលរដ្ឋបានរស់នៅពេញអស់ទៅហើយនោះដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋបានរស់នៅដោយស្របច្បាប់ជាការឆ្លើយតបចំពោះសំណូមពរចាំបាច់របស់ប្រជាជននាដំណាក់កាលនេះ។
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដូច្នេះមក រដ្ឋាបាលខេត្តព្រះសីហនុក្នុងអាណត្ថិ ឯឧ យន្ត មីន ជាអភិបាលខេត្តក៏បានចេញ សជណ មួយភ្លាមដែរស្តីពីការគ្រោងនឹងធ្វើបណ្ណ័កម្មសិទ្ធជូនពលរដ្ឋដោយស្របច្បាប់ផងដែរ។ពេលនេះកំពុងរៀបចំចាត់ចែងរកគន្លឹះងាយស្រួលជាមួយមន្ត្រីជំនាញសូរិយោដីខេត្តព្រះសីហនុក្នុងការធ្វើបណ្ណ័កម្មសិទ្ធជូនពលរដ្ឋកាន់កាប់ ដោយស្របច្បាប់នាពេលឆាប់ៗនេះ៕ខៀវ សាវ៉ុន