តុលាការ​ខេត្ត​កំពង់ចាម​ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៥នាក់​ ដែល​បាញ់​បោះ​សេរី​ ខណៈ​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​

0

កំពង់ចាម: មន្ត្រី​នគរបាល​ អាវុធហត្ថ​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​ ចំនួន​៥នាក់​ ដែលកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បង្ក្រាប​និង​ឃាត់ខ្លួន​បាន

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ទាំង​នោះ​ បាន​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​ឆ្លង​ខេត្ត​ ហើយ​ធ្វើ​ការ​បាញ់​បោះ​សេរី​ទៀត​នោះ​​ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៦៥ឃ.ខ, ៣៦៦ឃ.ខ, ៣៦៧ឃ.ខ, ៣៦៨ឃ.ខ, និង៣៦៩ឃ.ខ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទចំនួន០៥នាក់ ពីបទកំហែងយក បទជ្រៀតជ្រែកក្នុងមុខងារសាធាណៈ តំណែងផ្លូវការ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
សូមរំលឹកផងដែរថាៈ កាលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបង្ក្រាបនិង​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ អាវុធហត្ថ​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​ ដែល​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​១គ្រឿង​ ហើយ​ថែម​ទាំង​ធ្វើ​ការ​បាញ់​បោះ​សេរី​ តាំងពី​ខេត្ត​ត្បូងឃ្មុំ​ រហូត​ដល់​ទឹកដី​ខេត្ត​កំពង់ចាម​ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​ព្រៃ​ញា​ ឃុំ​ផ្អាវ​ ស្រុក​បាធាយ​​ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់​ ដែល​មានឈ្មោះដូចខាងក្រោម÷
១ , ឈ្មោះ ខែម សុធារ័ត្ន ភេទប្រុស អាយុ​៣៣ឆ្នាំ​
សញ្ជាតិខ្មែរ​ មុខរបរ នាយផ្នែកសន្តិសុខនៃកងរាជអាវុធហត្ថក្រុងសួង ទីកន្លែងកំណេីត​ និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
២, ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ យោធាស្រុកត្បូងឃ្មុំ ទីកន្លែងកំណេីត​ និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិខ្នាចក្រសាំង ឃុំជីគរស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៣, ឈ្មោះ កេត ដារ៉ា ហៅរ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ យោធាស្រុកត្បូងឃ្មុំ ទីកន្លែងកំណេីត ភូមិរកាទ្រា ឃុំគួនគង់ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង​ អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៤, ឈ្មោះ ម៉ៅ អឿន ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ យោធាស្រុកត្បូងឃ្មុំ ទីកន្លែងកំណេីតនិងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិ១៨ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៥, ឈ្មោះ ផុន វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នគរបាលស្រុកត្បូងឃ្មុំ ទីកន្លែងកំណេីតនិងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា៣៦៣ , ៣៦៤ , ៦០៩, នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសែវ៕