បញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញានម្នាក់ និងវត្ថុតាង ទៅតុលាការហើយនាព្រឹកមិញនេះ

0

បន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញានម្នាក់ និងវត្ថុតាង ទៅតុលាការហើយនាព្រឹកមិញនេះ។នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥និង០០នាទី នៅចំណុចខាងលិចផ្សារមហាសាល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាមុខសញ្ញាចាស់ ឈ្មោះជុំ សុខឡៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាងបានគ្រឿងញៀនទឹកកកចំនួន០១កូនថង់តូច និងទូរស័ព្ទដៃម៉ាកអាយហ្វូន០១គ្រឿង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយនោះកម្លាំងអាវុធហត្ថក្រុងបាននាំខ្លួនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរក្រោយមកអាវុធហត្ថជំនាញគ្រឿងញៀនចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលបទល្មើសគ្រឿងញៀន បាននាំខ្លួនជនសង្ស័យទៅឆែកឆេរលំនៅដ្ឋាន ដែលមានការដឹកនាំដោយលោកតេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយរកឃើញវត្ថុតាងគ្រឿងញៀនទឹកកកចំនួន០១ថង់ធំបន្ថែមទៀត នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល។
លោកវរសេនីយឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ក្រោយពីធ្វើការឆែកឆេរលំនៅដ្ឋានរួចហើយជនសង្ស័យនិងវត្ថុតាងដែលដកហូតបានត្រូវបានយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសួរចម្លើយបន្ត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះដើម្បីយកមកលក់បន្ត។ ចំពោះគ្រឿងញៀន០១ថង់ធំនេះខ្លួនបានទិញមកក្នុងតម្លៃ៥០០ដុល្លា ហើយយកមកលក់បន្តបានពី៧០០ទៅ៨០០ដល្លាផងដែរ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឲ្យដឹងទៀតថា គ្រឿងញៀនដែលដកហូតបានទាំងអស់មានទម្ងន់២,68ក្រាម។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយបានចម្លើយសារភាពពីជនសង្ស័យនិងមានវត្ថុតាងហើយនោះ បច្ចុប្បន្ន អាវុធហត្ថជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់៕ដោយ:ឃិន គន្ធា