បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​១កន្លែង​នៅស្រុក​កង​មាស​​ រឹបអូស​បាន​ម៉ូតូ​២០គ្រឿង​ មនុស្ស​រត់​បាតជើង​សព្រាត​

0

កំពង់ចាមៈ សង្វៀន​បញ្ជល់​មាន់មួយកន្លែង ដែល​លួច​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ ដោយ​ភ្នាល់​ចាក់​លុយ​រាប់​លានរៀល​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កង​មាស​ចុះ​បង្ក្រាប​ កាលពី​វេលា​ម៉ោង​២និង​៣០នាទី​ រសៀល​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ស្ថិតនៅ​ក្នុង​ភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ក្រោយពី​ទទួល​បាន​បទបញ្ជា​ពី​លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំងជំនាញព្រហ្មទណ្ឌនៃ​អធិការ​ដ្ឋាន​នគរបាលស្រុកកងមាស សហការ​ណ៍​ជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង បានធ្វើការចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់ខាងលើ​ ដោយ​សមត្ថកិច្ចដកហូតបាន​នូវវត្ថតាង​រួមមាន​ ម៉ូតូចំនួន២០គ្រឿង ជញ្ជីងថ្លឹងមាន់ចំនួន១គ្រឿង ស៊ុំក្រុងមាន់ចំនួន៣ កៅអីជ័រតូចៗចំនួន១០ ចំណែក​ក្រុម​អ្នកញៀនល្បែងទាំងនោះ​ បានដឹងខ្លួន​មុន​ ហើយ​នាំគ្នា​រត់គេចខ្លួន​បាតជើង​សព្រាត​តែម្តង​។
បច្ចុប្បន្ន​ វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕