បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តនិងមូលដ្ឋាននៅខេត្តបន្ទាយមានជ័យចាប់ខ្លួនមេភូមិអូរកាច់ឃុំបឹងបេងស្រុកម៉ាឡៃក្នុងបទល្មើសករណីជំពាក់លុយមិនសង ហលយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២មិថុនាឆ្នៃ២០១៧កន្លងមក។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២២មិថុនាថា: ជនសង្ស័យមានឈ្មោះស៊ុម យ៉ុង ភេទប្រុសអាយុ៥៤ឆ្នាំ ជាមេភូមិអូរកាច់ឃុំបឹងបេង។
លោកបន្តថា ពលរដ្ឋ១០នាក់បានប្តឹងថា ឈ្មោះនេះបានជំពាក់ប្រាក់ខ្ចីសហគមន៍ឃុំនិងធនាគារធនាគារប្រាសាក់ហើយម្តងហើយម្តងទៀតមិនព្រមជួយសងពលរដ្ឋឡើយ។
ហេតុនេះ ពលរដ្ឋបានប្តឹង ហើយលោកបានបញ្ជូនកម្លាំងជំនាញនគរបាលព្រហ្មទ័ណ្ឌកម្រឹតធ្ងន់ កម្លាំងនគរបាលស្រុកម៉ាឡៃនិងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងបានកិច្ចសហការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២១មិថុនា បានចុះទៅឃាត់ខ្លួនជននេះនិងរឹបអូសអាវុធ AK 47 ១ដើម ,CKC ១ដើមគ្រាប់៣៧គ្រាប់។តមកបានស្រាវជ្រាវ ហើយឈានទៅដកអាវុធAK ១ដើមទៀត ដែលលាក់ទុកនៅផ្ទះរបស់ឈ្មោះឡៃ ភេទប្រុសនៅភូមិនោះដែរ។ក៏ដកហូតគ្រាប់ចំនួន ៥គ្រាប់។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បន្តថា:យោងបណ្តឹងពលរដ្ឋនិងចម្លើយបំភ្លឺរបស់មេភូមិរូបនេះគឺថាគេពិតជាបានជំពាក់ប្រាក់មិនសង(រំលោភលើសេចក្តីទុកចិត្ត)និងលាក់ទុកអាវុធខុសច្បាប់នោះមែន។
នៅថ្ងៃទី២២មិថុនា កម្លាំងជំនាញបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តហើយ៕ ដោយ៖ឃិន គន្ធា