អ្នករត់តាក់ស៊ីសៀមរាប-ភ្នំពេញត្រូវបានឃាតកសម្លាប់សង្ស័យករណីប្លន់យករថយន្ត

0

កំពង់ធំ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសអ្នករត់តាក់ស៊ី ត្រូវប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះត្រង់ចំណុច ស្ពានគោល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសង្ស័យជាករណីប្លន់យករថយន្ត។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវបានប្រទះឃើញស្លាប់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ធឿន ឡារី ហៅគិរី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ីពីសៀមរាប-ភ្នំពេញ មានទីលំ ផ្ទះលេខ០៩ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានប្រាប់់ តាមទូស័ព្ទ ថា ករណីឃាតកម្មសម្លាប់អ្នករត់តាក់ស៊ីនោះមិនមែនកើតត្រង់ចំណុចស្ពានគោលននោះទេ គឺសម្លាប់ពីកន្លែងផ្សេងហើយយកសពមកទាក់ចោលទីនេះតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើពិនិត្យ និងកោសល្យវិច្ឆ័យសព និងសា្រវជ្រាវបន្តតាមនិតិវិធី ដើម្បីកំណត់មុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ប៊ុន រិទ្ធី