កំពង់ចាមៈ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តធុនធំ៣គ្រឿង បើកបុកគ្នាពេញទំហឹងលាន់ឮដូចរន្ទះ តែសំណាងល្អ មិនមានអ្នកស្លាប់នោះទេ គ្រាន់តែរបួសស្រាលម្នាក់ប៉ុណ្ណោះ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានបង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9139 ប្រភេទភ្លៅ៥ បើកបរដោយឈ្មោះ អ៊ឹម សុវី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង បើកក្នុងទិសដៅពីកើតទៅលិច បានជ្រុលទៅបុកគូទរថយន្ដមួយគ្រឿងទៀត ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាលេខ ភ្នំពេញ3C-7718 ប្រភេទភ្លៅ៥ ដូចគ្នា បើកបរដោយឈ្មោះ ឈាង សារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកពង់សិលា ខេត្តព្រះសីហនុ បើកក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយខូចខាត ខ្ទិចកាប៊ីនខាងមុខ ចំណែកអ្នកបើកបររងរបួសស្រាល ដោយគ្រាន់តែដាច់ជើងបន្តិចប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង ស្រាប់តែមានរថយន្ដក្រុង១គ្រឿងទៀត ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-2755 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅ ពីលិចមកកើត ក៏បានកៀរទ្រុងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C- 9139 បន្ថែមទៀត បណ្តាលឲ្យរងការខូចខាតផងដែរ។
សមត្ថកិច្ចបានបញ្ចាក់ថា ករណីគ្រោះថ្នាកចរាចរណ៍ខាងលើនេះ គឺកើតឡើងដោយសារតែការបើកបរហួសល្បឿនកំណត់ កន្លែងផ្លូវចុះចំណោទផងដែរ ៕








































