សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ផ្តាំផ្ញើរ​ឲ្យ​ទប់ស្កាត់​រាល់​​បទល្មើស​ចរាចរ​ឈើ​ខុស​ច្បាប់​ ខណៈ​ដែល​ឯកឧត្តម​ លី​ ឡេង​ ត្រូវ​បាន​ប្រកាស​​ចូល​កាន់​​តំណែង​ ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ​

0

ត្បូងឃ្មុំ​​:​ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ឯកឧត្តម​ លី​ ឡេង​​ ឋានន្តរសក្ដិ​ឧត្ដម​មន្ត្រី​ ថ្នាក់​លេខ​៦​ ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ រីឯ​ឯកឧត្តម​ ប្រាជ្ញ​​ ចន្ទ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ត្រាស់​បង្គាប់​ តែងតាំង​ និង​ផ្ដល់​ឋានៈ​ ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​​។
ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ នៅ​សាលប្រជុំ​សាលា​ខេត្ត​ត្បូងឃ្មុំ​ នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ក្រោម​អធិបតី​ភាព​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោស្រី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​រូប​ទៀត​។
ជា​កិច្ច​ចាប់ផ្ដើម​ ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ អភិបាល​ខេត្ត​ត្បូងឃ្មុំ​​ ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កាន់​មុខ​តំណែង​ថ្មី​ បាន​ឡើង​មាន​មតិ​ស្វាគមន៍​ និង​អាន​របាយការណ៍​ អំពី​កិច្ចការ​ដឹក​នាំ​ របស់​ឯកឧត្តម​ នាពេលកន្លងមក​។
បន្ទាប់​ពី​ការ​អាន​ព្រះរាជក្រឹត្យ​ អនុក្រិត្យ​ ស្តីពី​ការ​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​រាជការ​ ដោយ​លោក​អ៊ួង​ ចាន្ធី​ ប្រធាន​នាយក​ដ្ឋាន​បុគ្គល​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​។
បន្ទាប់​មក​ ឯកឧត្តម​ លី​ ឡេង​​ អភិបាល​ខេត្ត​ត្បូងឃ្មុំ​​ ដែល​ទើប​តែ​ទទួល​ការ​តែងតាំង​មុខ​តំណែង​ថ្មី​ បាន​ឡើង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​​ ហើយក៏​បាន​ទទួល​ព្រះរាជក្រឹត្យ​ អនុក្រិត្យ​ និង​ទទួល​ត្រា​រដ្ឋបាល​ខេត្ត​ ដែល​ប្រគល់​ជូន​ដោយ​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។
ជា​កិច្ច​បញ្ចប់​ សម្តេច​ក្រឡា​ហោម​ បានឡើង​​មាន​មតិ​សំណេះសំណាល​ និង​ធ្វើ​ការ​ផ្តាំផ្ញើរ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ត្រូវ​បង្ក​ការយកចិត្ត​ទុកដាក់​ លើ​ការ​គ្រប់​គ្រង​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​រួចមក​ ជា​ពិសេស​នោះ​គឺ​ ការ​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ និង​ការទប់ស្កាត់​បទល្មើស​នានា​ ដូចជា​ការ​ពង្រឹង​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ទប់ស្កាត់​ការ​រត់​ពន្ធ​អាវុធ​ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដូចជា​ប្រទេស​ភូមា​ជា​ដើម​ និង​ការ​ទប់ស្កាត់​រាល់​ការ​ចរាចរ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ ដែល​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​ ​ជា​អំណោយផល​ សម្រាប់​ការ​ឆ្លងកាត់​ឈើ​ប្រណិត​ ចូល​ទៅ​ប្រទេស​វៀតណាម​​ផង​ដែរ​ ៕