ថៃអនុវត្តន៍ព្រះរាជក្រឹត្យថ្មី សំដៅរឹតបន្តឹងទៅលើពលករឆ្លងដែន អត់ច្បាប់

0

បរទេសថៃ ៖ រយៈពេលថ្មីៗនេះពិសេសគឺចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ មកក្រុមតម្រួតថៃ ពិសេសស្ថាប័នជំនាញ បានចាប់ផ្តើមអនុវត្តន៍នូវព្រះរាជក្រឹត្យថ្មី ដែលឡាយព្រះហស្ថដោយព្រះមហាក្សត្យថៃ ក្នុងការពង្រឹងនិងរឹតបន្តឹងទៅលើពលករ និងជនអន្តោប្រវេសន៍ដែលឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាតដែលត្រូវទទួលទោសផង និងត្រូវពិន័យជាប្រាក់ថែមទៀតផង ។ក្នុងប៉ុន្មានថ្ងៃនេះ នៅក្នុងប្រទេសថៃគឺកំលាំងជំនាញពិសេសគឺក្រុមតម្រួតថៃ បានចេញប្រតិបត្តិការគ្រប់ច្រកល្ហក ទាំងត្រួតពិនិត្យតាមដងផ្លូវ ក៏ដូចជាឆ្មក់ចូលទៅតាមទីតាំងឲផ្ទះជួលផងដែរ ដើម្បីពិនិត្យមើលទៅលើពលករគ្រប់រូបមិនថាតែជនជាតិខ្មែរប៉ុណ្ណោះទេសូម្បីតែជនជាតិភូមា និងឡាវ ក៏ត្រូវតែពិនិត្យរកឯកសារពាក់ព័ន្ធដែរ ក្នុងការស្នាក់នៅក្នុងប្រទេសថៃដើម្បីបម្រើការងារផ្សេងៗ ។ជាក់ស្តែងនៅល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខវត្ត ឆុំពោធិធ្យារាមលើផ្លូវលេខ៣០៤ ក្នុងខេត្តឆៈឈើងសៅ កំលាំងតម្រួតបានសហការជាមួយនឹងកំលាំងយោធាខេត្ត ធ្វើការស្ទាក់ចាប់រថយន្តមួយគ្រឿងដែលបានព្យាយាមបើកគេចពីទីតាំងឈរជើងរបស់កំលាំងសមត្ថកិច្ចចំរុះ ។ក្រោយពីការស្ទាក់ចាប់បានរួចមក គេសង្គេតឃើញថា រថយន្តនេះម៉ាក មីតស៊ុយប៊ីសុីព៌ណខៀវ ពាក់ស្លាកលេខ ស្រះកែវ ៤២០៤ បើកបរដោយឈ្មោះ សុរិយ៉ុន មីវិរ៉ាត់ភេទប្រុស អាយុ៣៦ឆ្នាំ ។ ចំណែកនៅខាងក្រោយរថយន្តគេបានយកស្បៃការពារកំដៅព៌ណខ្មៅ មកគ្របពីលើយ៉ាងជិតដែលស្ទើរតែមិនចាប់អារម្មណ៍ ព្រោះពេលដែលកំលាំង បើក ស្បៃនោះចេញមកគឺមានពលករខ្មែរសរុប ៣៥នាក់ ដែលក្នុងនោះប្រុសមានចំនួន២១នាក់ ស្រី៩នាក់ និងកុមារចំនួន៥នាក់ ។នៅចំពោះមុខក្រុមចំរុះ អ្នកបើកបររថយន្តបានសារភាពថា ខ្លួនបានសុីឈ្នួលពីនាយទុនម្នាក់ ជួលអោយដឹកពលករខ្មែរទាំងអស់នេះពីខេត្តស្រះកែវ ទៅកាន់ទីក្រុងបាងកកប្រទេសថៃ ដោយអោយកម្រៃ១០០០បាត តែប៉ុណ្ណោះ តែឥឡូវត្រូវសមត្ថកិច្ចចាប់ខ្លួន បានទៀត ។បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវប្រឈមមុខចំពោះមុខច្បាប់ ដោយឡែកពលករទាំងអស់អាចត្រូវបញ្ជូនអោយវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអោយធ្វើឯកសារច្បាប់អោយបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតអោយចូលទៅធ្វើការនៅក្នុងប្រទេសថៃបាននេះបើយោងទៅលើច្បាប់ថ្មី ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះព្រះរាជក្រឹត្យបានសម្រេចអោយអនុវត្តន៍តាំងពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៧ មកម៉្លេះ ដោយមានចំណុចមួយចំនួន ដែលគួរតែពលករគ្រប់រូបត្រូវយល់ដឹងផងដែរដូចជា # អ្នកដែលទទួលយកពលករដែលគ្មានលិខិតស្នាម និងច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ មកធ្វើការជាមួយខ្លួន ទោះជាលក្ខណៈក្រុមហ៊ុន ឬនៅតាមផ្ទះក៏ដោយ ត្រូវពិន័យជាប្រាក់ចាប់ពី ៤សែនបាត ទៅ៨សែនបាត លើពលករម្នាក់ # ជនណាដែលប្រើពលករអោយធ្វើការងារខុសពីទិសដៅ ដែលច្បាប់បានអនុញ្ញាត ត្រូវ
ពិន័យជាប្រាក់ មិនលើសពី៤សែនបាត លើពលករម្នាក់ ( ច្បាប់កំណត់អោយធ្វើការការងារកសាង តែថៅកែប្រើអោយទៅធ្វើការងារក្នុងកសិដ្ឋាន ឬនៅក្នុងលំនៅដ្ឋាន ) # ដូចគ្នាដែរសម្រាប់ពលករណាដែលទៅធ្វើការងារខុសពីច្បាប់ដែលបានអនុញ្ញាត ត្រូវពិន័យជាប្រាក់មិនលើសពី ១សែន បាត ( ច្បាប់អនុញ្ញាតអោយធ្វើការងារសំណង់ តែខ្លួនទៅសុំគេធ្វើការងាររោងចក្រ ) # ជនណាដែលធ្វើការកហូតយកឯកសារពាក់ព័ន្ធ ឬច្បាប់អនុញ្ញាតត្រឹមត្រូវរបស់ពលករយកទៅទុក ការពារក្រែងពលកររត់ ត្រូវពិន័យជាប្រាក់ ១សែន បាតនិងដាក់គុកចំនួន ៦ ខែ # ជនណាដែលបោកបញ្ឆោតដើម្បីនាំពលករយកទៅអោយបុគ្គលផ្សេងទៀតក្នុងគោលបំនងជួញដូរកំលាំងពលកម្ម ត្រូវពិន័យជាប្រាក់ចាន់ពី ៦សែនទៅលានបាត និងត្រូវដាក់គុកចាប់ពី ៣ឆ្នាំ ដល់៤ឆ្នាំ លើពលករម្នាក់ ។ជុំវិញបញ្ហានេះគួរណាស់តែពលករគ្រប់រូប ធ្វើបែបបទ និងឯកសារអោយបានត្រឹមត្រូវមុននឹងឈានជើងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ជៀសវាងនូវការចាប់ចង ដាក់គុកច្រវាក់ ថែមទាំងពិន័យជាប្រាក់ទៀតផង ៕