កសិករចិញ្ចឹមមាន់ខ្មែរនិងមាន់ខ្មៅនៅក្រុងសិរីសោភ័ណទទួលបានភាពជោគជ័យក្នុងជីវភាព

0

បន្ទាយមានជ័យ :កសិករ១គ្រួសារដែលចិញ្ចឹមមាន់ខ្មែរនិងមាន់ខ្មៅបែបប្រពលវប្បកម្មឬចិញ្ចឹមដើម្បីអាជីវកម្ម រស់នៅភូមិភ្នំបាក់សង្កាតទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានទទួលជោគជ័យក្នុងជីវភាព ដែលគួរកត់សម្គាល់និងគួរយកជាគំរូបទពិសោធន៍ទៅអនុវត្តតាម។
ផលិតផលរបស់គាត់មានទីផ្សារពោលគឺលក់ដាច់មែនទែន ហើយឥឡូវនេះស្ទើរតែផលិតមិនទាន់តាមតម្រូវការអ្នកទិញផង។
លោក ផា ពុំ និងភរិយារបស់គាត់គឺអ្នកស្រី ថងឌី ភូមី ជាកសិករចិញ្ចឹមមាន់២ប្រភេទគឺចិញ្ចឹមកូនមាន់ពូជនិងមាន់លក់សាច់។ កសិករ ផា ពុំ និយាយបន្តថា របរចិញ្ចឹមមាន់តាមបច្ចេកទេស ហើយប្រើប្រាសកូនមាន់ពូជសុទ្ធសុខភាពល្អនិងធំធាត់លឿននេះ គឺទាំងចំណាយកម្លាំងពលកម្ម ទាំងចំណាយទុនក៏តិច ហើយអាចធ្វើបាននិងក៏មានពេលសម្រាកដែរ។ គាត់ដាក់ចិញ្ចឹមមាន់ក្នុងដីទីធ្លាផ្ទះទំហំ១៥មេត្រគុណ៣០ម៉ែត្រ ឥឡូវនេះគាត់មានមេពូជមាន់ខ្មែរឬណូជស្រុកចំនួន៦០ក្បាល ពូជមាន់ខ្មៅ៣០ក្បាល ហើយអាចផលិតកូនមានពូជបានរាប់រយពាន់ក្បាលនិងមាន់សាច់់រាប់រយក្បាលជាប្រចាំខែនិងត្រីមាស។កូនមាន់ខ្មែរលក់អោយគេចិញ្ចឹមបន្តយកសាច់ថ្លៃ៥.០០០រៀល/១ក្បាល។ ឯកូនមាន់ខ្មៅ ថ្លៃ៨.០០០រៀល/១ក្បាល។
ចំណែកមាន់សាច់វិញ ពូជមាន់ខ្មែរថ្លៃ១២.០០០រៀល/១គីឡូក្រាមនិងមាន់ខ្មៅថ្លៃ ២៥.០០០រៀល/១គីឡូក្រាម។
លោក ថង សាយយ៉ាន់ ប្រធានកម្មវិធីបង្កើនផលិតកម្មនិងសុខភាពសត្វ(SPP3) នៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប(TSSD)ខេត្តបន្ទាយមានជ័យប្រាប់ថា: កម្មវិធីនេះបានជួយឧបត្ថម្ភកសិករដូចជា ផ្តល់ថវិកាទិញមេមាន់ពូជ. ផ្តល់ស្បៃនិងធ្វើទ្រុង ជួយទូអគ្គីសនីភ្ញាស់កូនមាន់ ជួយបច្ចេកទេស តាមដានប្រឹក្សាយោបល់លើការចិញ្ចឹមនិងទីផ្សារជាដើម។ក្រៅពីនោះកសិករដោះស្រាយខ្លួនឯង។
ចំណែកកសិករ ផា ពុំ ចិញ្ចឹមមាន់និយាយប្រាប់ថា: គាត់មានរបរធ្វើស្រែតែរហូតមក ប៉ុន្តែលទ្ធភាពកម្លាំងកាយចិត្ត ទុននិងផលហុចមកវិញ វាមិនអាចឆ្លើយតបទ្រទ្រង់ជីវភាពបានទាំងស្រុង ទើបគាត់ងាកមកចាប់របរចិញ្ចឹមមាន់ពូជស្រុកឬពូជខ្មែរនិងពូជមាន់ខ្មៅនេះ។របរនេះ មកទល់ឥឡូវនេះបានធ្វើអោយជីវភាពគ្រួសារគាត់ដែលមានបន្ទុក៦នាក់ បានប្រែប្រួលធូរធារ។ឧទាហរណ៍ពីមុន ១ថ្ងៃអោយលុយកូនៗម្នាក់ៗ៤.០០០រៀលក្នុង១ថ្ងៃទៅសាលារៀន ឥឡូវអោយ១០.០០០រៀល។
កសិកររូបនេះបន្តថា របរចិញ្ជឹមកូនមាន់ពូជនិងមាន់សាច់របស់គាត់ជួបភាពងាយស្រួល អំណោយផលដោយសារបានកម្មវិធីបង្កើនផលិតកម្មនិងសុខភាពសត្វនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបនបឹងទន្លេសាបនិងក៏មកពីការតាំងចិត្តខិតខំប្រកបរបរចិញ្ចឹមជីវភាព។
ចំពោះមាន់វិញ តាំងពីការផ្សំនិងចំណាយធ្វើចំណី ការថែទាំសុខភាព ចាក់វ៉ាក់សាំង២មុខ ការបង្កាការពារជម្ងឺឆ្លងគឺក៏ងាយស្រួលជាងបញ្ហប្រឈម អោយតែយើងអនុវត្តតាមរបៀបឬបច្ចេកទេសចិញ្ចឹមបែបអាជីវកម្ម មិនមែនបែបប្រពៃណីនិងយថាផលនោះ។
អំពីទីផ្សារលក់វិញ កសិករផា ពុំ និយាយថា: ដោយសារបរិមាណនិងគុណភាពផលិតផលមាន់ពូជខ្មែរនិងមាន់ខ្មៅរបស់គាត់មានសុខភាព អនាម័យល្អ សាច់មាន់ក៏ឆ្ងាញ់ពិសារ …..ទើបធ្វើអោយការលក់កូនមាន់របស់គាត់លក់មិនគ្រប់តាមការកុំម្ម៉ង់ទិញផងដូចជា១ខែគេកុំម្ម៉ង់កូនមាន់ ៣០០ទៅ៤០០ក្បាល់ លទ្ធភាពកម្លាំងគាត់ផលិតបានតែ២០០ទៅ២៥០ក្បាលប៉ុណ្នោះ។ឯមាន់សាច់វិញ ១អាទិត្យៗគេកុំម្ម៉ង់រាប់រយគីឡូក្រាម តែគាត់អាចផលិតបាន២៥ទៅ៥០គីឡូក្រាម។
តម្រូវការនេះ នាំអោយគាត់គិតដល់គម្រោងបង្កើនកម្លាំងពលកម្មនិងបរិមាណផលិតផលផងដែរ ឬក៏អាចបងប្អូនកសិករដៃគូអាចបង្កើនចិញ្ចឹមមាន់ដែរ ហើយលក់ផលិតផលអោយម៉ូយរួម៕ដោយ:ឃិន គន្ធា