អភិបាលខេត្តកែបជម្រុញឲ្យពលរដ្ឋហ៊ានរាយការណ៍ចំៗអំពីជនណាយកថ្លៃសេវាសាធារណៈ

0

កែប ៖ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសថាបុគ្គលណាក៏ដោយ មិនថាមេឃុំ ឬស្មាន បើហ៊ានយកថ្លៃសេវា លើកការធ្វើសៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតរៀបអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀភៅគ្រួសារ សំបុត្រមរណៈភាព និងលិខិតបញ្ជាក់ផ្សេងៗ សូមឲ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុ និងទូរទស្សន៍ឲ្យចំៗ ដោយបញ្ជាក់ពីឈ្មោះ និងទីតាំងជននោះ ដើម្បីឲ្យលោកអាចចាត់វិធានយ៉ាងម៉ឺត ដូចជាការប្រមាន ដាក់ពិន័យ ឬអាចប្រឈមមុខជាមួយនិងផ្លូវច្បាប់។
ការលើកឡើងខាងលើនៅក្នុងឱកាសអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែប្រវែង ២៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាសោម ឃុំអង្កោត ស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧។
លោកបានបន្តថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែង និងយកចិត្តដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ហើយក្នុងនោះការធ្វើលិខិតផ្សេងដូចដែលបានរៀបរាប់ខាងលើ សម្តេចបានប្រកាសថាមិនឲ្យយកថ្លៃសេវាទេ ដូច្នេះក្នុងនាមលោកជាអភិបាលខេត្ត មិនអនុញ្ញាឲ្យជនណា មេឃុំ ឬស្មានឃុំណា រំលោភឬមិនគោរពនោះឡើយ។
ឈរនៅក្រោមម្លប់ឈើនៅជាប់ក្បែរមាត់ផ្លូវលំ ជាមួយប្រជាពលរដ្ឋ ឯកឧត្តម ក្រើនរំឭក ដល់ប្រជាពលរដ្ឋផងដែរថា យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងជូយគ្នា អភិវឌ្ឍភូមិឃុំឲ្យរីកចម្រើនមកដល់សព្វថ្ងៃបាន ក៏ដោយសារតែប្រទេសយើងមានសុខសន្តិភាព និងមានស្ថេភាពនយោបាយល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បើគ្មានសន្តិភាពទេ យើងពិតជាមិនអាចសម្បូរសប្បាយដូច្នេះថ្ងៃនេះទេ ម្ល៉េះសមដូចសម័យប៉ុលពតដ៏សែនជូរចត់ ដាំដំឡូងខ្លួនឯង ហើយលួចមើមដំឡូងខ្លួនឯងយកមកស៊ីមិនខាន។
សូមបញ្ជាក់ថា បើតាមសម្តីរបស់អ្នកភូមិពីរនាក់បានអោយដឹងថា តាំងពីឆ្នាំ ១៩៧៩មកគាត់អ្នកភូមិគ្នាផ្លូវសម្រាប់ធ្វើដំណើរទេ ត្រូវដើរលុយទឹក ក្មេងទៅសាលាពិបាក ហើយថ្ងៃនេះបានផ្លូវគ្រោះក្រហមចូលដល់របងផ្ទះដូច្នេះគាត់ និងអ្នកភូមិពិតជាសប្បាយចិត្តខ្លាំងណាស់ ៕