តំណាងក្រុមប្រជាពលរដ្ឋដែលរស់នៅសហគមន៏អូរខ្សាច់ឃុំអូរខ្សាច់បានប្តឹង”លោក ប៉ុន សារឿន អតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថានដែលត្រូវបានបញ្ចប់មុខតំណែងថ្មីៗនេះ បានរំលោភយកដីពួកគាត់ដោយ មានការសហការត្រូវរ៉ូវគ្នាយ៉ាងជិតស្និទជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខ្លះនៅស្រុកស្ទឹងហាវ”។
តំណាងពលរដ្ឋរូបនេះ បន្តស្នើសុំអោយតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ផង។
លោក ស្រី ឡុច ទូច តំណាងពលរដ្ឋសហគមន៏អូរខ្សាច់ដែលមានប្រជាជនចំនូន៣២គ្រួសាររស់នៅភូមិ៤ឃុំអូរត្រេះ
ស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានលើកជាចម្ងល់ថា៖”លោក ឡុញ តាយ បានស្លាប់បាត់ជាច្រើនខែរួចទៅហើយតែ អាចហៅមកផ្តិតមេដៃលក់ដីបានទៀត ពិតជាអស្ចារ្យមែន!”
យោងតាមពាក្យបណ្តឹងរបស់តំណាងពលរដ្ឋបានបញ្ជាក់ថា”ឈ្មោះ គឹម ចាន់នី បានទិញដីពីឈ្មោះ ឡុញ តាយ និងប្រពន្ធឈ្មោះ នី សារុន(ប្រពន្ធដែលគេរើសដាក់អោយខ្មោច ឡុញ តាយ) នូវដីចំការ នៅឆ្នាំ១៩៩៥.។
បន្ទាប់មក ឈ្មោះ គឹម ចាន់នី បានយកឯកសារក្លែងនេះរត់ការធ្វើប្លង់កម្មសិទ្ធមានលេខសំគាល់ B110666 ក្រោយមកទៀត ឈ្មោះ គឹម ចាន់នី ក៏បានលក់ដីនេះបន្តអោយឈ្មោះ លោក ប៉ុន សារឿន នៅឆ្នាំ២០០៨.។
តែបើយោងតាមលិខិតបញ្ជាក់មរណៈភាពរបស់លោក ឡុញ តាយវិញបានបញ្ជាក់ថា “ លោក ឡុញ តាយបានស្លាប់នៅថ្ងៃទី២១ខែមីនា ឆ្នាំ១៩៩៤.”មុនមួយឆ្នាំមុននឹងលក់ដីនេះទៅទៀត។
បើទោះជាយ៉ាងណាករណីនេះ លោក ប៉ុន សារឿន មិនទាន់អាចស្វែងរកទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
ក៏ប៉ុន្តែពាក់ពន្ធ័ករណីនេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖
អ្នកក្លែងឯកសារត្រូវតែមានទោសបើសិនគេប្តឹង។ចំពោះករណី រឿងពលរដ្ឋនៅអូរខ្សាច់ដែលមានលោកស្រី ឡុច ទូច ជាតំណាងនេះវាស្ថិតក្នុងដៃតុលាការកំពុងបន្តនីតិវិធីហើយ។ប៉ុន្តែរដ្ឋបាលខេត្តក៍មិននៅកន្តើយដែរ។ពេលនេះកំពុងតែធ្វើការពិនិត្យស្រាវជ្រាវតាមនីតិវិធីផងដែរក្នុងការជួយដោះស្រាយជូនពលរដ្ឋយើង។
សូមបញ្ជាក់ជូនថា ករណីប្តឹងចោទប្រកាន់រឿងក្លែងឯកសារទិញលក់ដីនេះដែរ ខាងប្រពន្ធខ្មោចលោក ឡុញ តាយ មានឈ្មោះ អេង វ៉ាន់ ដែលជាប្រពន្ធពិតប្រាកដដែលជាអ្នករងគ្រោះម្នាក់ដែរនៅសហគមន៍អូរខ្សាច់នេះ បានដាក់ពាក្យប្តឹងលោក ប៉ុន សារឿន ទៅតុលាការខេត្តព្រះសីហនុជាច្រើនខែកន្លងមកហើយដែរ។
ហើយករណីនេះ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះសីហនុក៏បានចេញដីកាអញ្ជើញដើមបណ្តឹងគឺលោកស្រី អេង វ៉ាន់ ចំនួនពីរដងហើយដើម្បីសាកសួរនិងបំភ្លឺ។
ដីកាលើកទី១បង្គាប់អោយចូលខ្លួនទៅបំភ្លឺនៅព្រឹកថ្ងៃទី១៣មិថុនា២០១៧ត្រូវបានពន្យាពេល។
បន្ទាប់មកនៅថ្ងៃទី៤កក្កដា២០១៧ខាងមុខនេះ លោកស្រី អេង វ៉ាន់ ត្រូវបាន លោក លឹម ប៊ុនហេងចេញដីកាបង្គាប់អោយចូលខ្លួនមកបំភ្លឺជាលើកទី២ទៀតពាក់ពន្ធ័ករណីប្តឹងលោក ប៉ុន សារឿន រឿងក្លែងឯកសារនិងប្រើប្រាស់ឯកសារក្លែងកាលពីអំឡុងឆ្នាំ២០០៧។
គួររំលឹកថាកន្លងមកក្រសួងយុត្តិធម៌ ក្រសួងរៀបចំដែនដី សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក៏ធ្លាប់បានចេញលិខិតអន្តរាគមន៏អោយមន្ត្រីពាក់ពន្ធ័ក្នុងខេត្តព្រះសីហនុពិនិត្យនិងដោះស្រាយរឿងនេះឡើងវិញដែរតែមិនទាន់មានលទ្ធផលនៅឡើយ។តែយ៉ាងណាក្រុមប្រជាពលរដ្ឋរងគ្រោះទាំងនេះមានរំពឹងតុលាការខេត្តព្រះសីហនុដំណាក់កាលនេះនឹងកាត់ក្តីប្រកបដោយភាពយុត្តិធម៌ជូនពួកគាត់៕ខៀវ សាវ៉ុន