អ្នកលេងនៅស៊ាងហៃមកសាកថ្វីដៃជាមួយខ្មែរនៅក្រុងព្រះសីហនុទាំងកណ្តាលរាត្រី

0

ខេត្តព្រះសីហនុ៖(បឋម)ជនជាតិចិនមួយហ្វូងធំបង្ករហិង្សាលើជនជាតិខ្មែរនៅរង្វង់មូលតោ២ក្រុងព្រះសីហនុបង្ករការភ្ញាក់ផ្ញើលទាំងកណ្តាលរាត្រី។

ករណីហិង្សាដោយចេតនា រវាងជនជាតិចិននិងប្រជាជនខ្មែរ ដោយប្រើដំបងនិងដែកបំពង់ទីបដែក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០១និង៣០ នាទីយប់នៅចំណុចរង្វង់មូលតោពីរ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងមានការភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ។

បន្ទាប់ពីបានទទួលដំណឹង កម្លាំងការិ.ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការណ៍ជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងដែលពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ  និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១ក្រុម ជាជនជាតិចិន (ប្រុសៗ) មានគ្នា ៣៦នាក់។

វត្ថុតាងចាប់យកបានមាន៖

-ដំបងឈើ ចំនួន ០៤ ដើម ។

-បំពង់ទីបដែក ចំនួន ០១ ដើម ។

-ដែកទីបបួនជ្រុង ចំនួន ៣១ ដើម ។

គ្រានោះដែរក៍មានជនរងគ្រោះជាជនជាតិខ្មែរមួយចំនួនបានមកដាក់ពាក្យបណ្ដឹងក្នុងករណីនេះផងដែរ។

ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង:

១-ឈ្មោះ គុជ គ្រៀល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ យិន វណ្ណសួគា៍ ហៅ គា  ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី១៤ ភូមិ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះ ហួត ឡា ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវីធី ។មូលហេតុពិតយ៉ាងណានោះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

 

មតិពីប្រជាជនអោយដឹងថារយៈកាលចុងក្រោយនេះក្រុងព្រះសីហនុសង្គេតឃើញមានវត្តមានជនជាតិចិនយ៉ាងច្រើនដែលបាននឹងកំពុងធ្វើការនិងរកស៊ីនៅទីនេះ។ក្នុងចំណោមចិនទាំងនោះក៍មានចិនខ្លះតែងតែបង្ករជំលោះហិង្សាជាញឹកញាប់ជាបន្តបន្ទាប់។

តែយ៉ាងណាបញ្ហានេះរងចាំមើលលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនឹងចាត់ការបែបណា? សាវ៉ុន