កំពង់ចាមៈ គួរឲ្យអាសូរជាពន់ពេក ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ អង្គុយនៅក្បែរមើលសាកសពម្ដាយធំ ដែលបានស្លាប់បាត់បង់ជីវិត គ្រាដែលស្ត្រីរងគ្រោះជិះម៉ូតូ ឌុបក្មួយស្រីទៅលេង ឪពុកម្តាយនៅភ្នំពេញ ហើយជួបនឹងហេតុការណ៍អាក្រក់ ដោយបុកបង្គោលសុវត្ថិភាពនៅតាមចិញ្ចើមផ្លូវ។
ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ1E-5668 ដោយមានឌុបក្មេងស្រីម្នាក់ ក្នុងទិសដៅ ពីកំពង់ចាមឆ្ពោះទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងជាយ៉ាងមិច ម៉ូតូក៏បានរេចង្កូតជ្រុលទៅបុកបង្គោលសុវត្ថិភាព នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យស្ត្រីរងគ្រោះដួលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកក្មេងស្រីដែលជិះពីខាងមុខ ផ្លោងខ្ទាតផុតទៅខាងមុខ មិនមានរងរបួសនោះទេ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះអោក សារុន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងត្បាល់ ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ស្លាប់ ភ្លាមៗ នៅ កន្លែង កើតហេតុ )។
ចំណែកក្មួយស្រី ឈ្មោះហ័ង ជីញជីញ អាយុ៤ឆ្នាំ (គ្មាន របួសទេ)។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារ ដើម្បីឲ្យមក ទទួលយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕





































