ខេត្តរតនគិរី៖ លូទឹកស្អុយមួយកន្លែងនៅមុខផ្សារក្រុងបានលុងត្រូវបានស្ទះ បន្ទាប់ពីមានសម្រាមកកណែន បណ្ដាលឲ្យហូរទឹកស្អុយចេញមកលើផ្លូវសាធារណៈដែលប្រជាពលរដ្ឋចេញចូល។
អាជីវករលក់ដូរ នៅមុខផ្សារក្រុងបានលុង បានត្អូញត្អែពីលូទឹកស្អុយ ដែលស្ទះ បណ្ដាលឲ្យទឹកស្អុយចេញមកក្រៅ មួយកន្លែង ផ្លូវចូលទៅក្នុងផ្សារក្រុងបានលុង ត្រង់ចំណុចផ្លូវកែង ហាងលក់ទូរស័ព្ទដៃ យីហោ ហេងសម្បត្តិ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលបណ្ដាលឲ្យភ្ញៀវ ខ្ពើមរអើម មិនចូលទិញទំនិញ និងមិនចូលបរិភោគចំណីអាហារ ដែលអាជីវករលក់នៅពេលយប់។
បើតាមការត្អូញត្អែ ពីអាជីវករដែលលក់ដូរចំណីអាហានៅពេលយប់ បានរៀបរាប់ថា លូនេះស្ទះហូរទឹកស្អុយចេញមកលើថ្នល់ជាង១០ថ្ងៃមកហើយ។ តាំងពីលូនេះស្ទះហៀរទឹកស្អុយចេញមកក្រៅ ពួកគាត់លក់ដូរមិនដាច់ទេ ដោយមានទឹកប៉ប៉ិច ប៉ប៉ាច់ និងមានក្លិនស្អុយអាសោតទៀងផង។
ករណីលូស្ទះហូរទឹកស្អុយចេញមកក្រៅនេះ លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៤ ខែកក្កដា នេះថា លូក្នុងក្រុងបានលុងមិនទាន់ពេញលក្ខណៈជាលូបង្ហូរទឹកស្អុយនៅឡើយទេ ដោយលូនោះតូច ហើយប្រជាពលរដ្ឋបានចោះបង្ហូរសម្រាមចូលបណ្ដាលស្ទះ តែមិនអីទេចាំលោកឲ្យខាងសាធារណៈការមកមើល ថា តើត្រូវកែកុនយ៉ាងណានោះ ដើម្បីបណ្ដោះទឹកស្អុយនេះកុំឲ្យស្ទះជាបណ្ដោះអាសន្នសិន។
បើទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន ឬ ជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយឲ្យមានករណីនេះកើតឡើងយូរថ្ងៃដូច្នេះទេ ពីព្រោះនេះជាក្រុង និងជាទីប្រជុំជន ដែលមានភ្ញៀវជាតិ នឹងភ្ញៀវអន្តរជាតិ ចេញចូលច្រើន ព្រមទាំងប៉ះពាល់ដល់ជីវភាពអាជីវករលក់ដូរទៀតផង។ ម្យ៉ាងវិញទៀត ខាងមន្ទីរបរិស្ថាន នៅខេត្តរតនគិរី ហាក់ដូចជាមិនរវល់អើពើចំពោះបញ្ហាប៉ះពាល់ផ្សេងៗ ផ្នែកបរិស្ថាន ដែលកើតមានឡើងនៅក្នុងខេត្តរតនគិរីមួយនេះ៕ដោយ: យក្ខឡោម




































