កំពង់ចាម: រួមគ្នាលុបបំបាត់គ្រឿងញៀន ដើម្បីសុវត្ថិភាពភូមិ ឃុំយើង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកពៃឈរ ខេត្តកំពង់ចាម បានប្រារព្ធពិធី ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកជំទាវឧត្ដមសេនីយ៍ត្រី ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជុំវិញខេត្ត និងប្អូនៗសិស្សានុសិស្សជាច្រើនអ្នកផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ អំពីកិច្ចការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននាពេលកន្លងមក។
ជាកិច្ចបន្តលោកជំទាវ ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឡើងអានរបាយការណ៍ សាលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍អំពីផលប៉ះពាល់ នៃគ្រឿងញៀនផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម គួច ចំរើន ក្នុងនាមជា ប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ផ្តល់កិច្ចសហការណ៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ជាពិសេសសូមឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមព្រឹក្សាឃុំ សង្កាត់ ដែលទើបតែជាប់ឆ្នោតនាពេលកន្លងមកថ្មីៗ ចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការណ៍ទប់ស្កាត់បង្ក្រាបគ្រឿងញៀន ដើម្បីចូលរួមបំរើប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតផងដែរ។
ដើម្បីជាការស្រាយចម្ងល់ ដែលប្រជាពលរដ្ឋតែងតែឆ្ងល់ថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក តើត្រូវយកទៅទុកនៅឯណា ដូច្នេះក្នុងកម្មវិធីនេះ ក៏ការដុតកម្ទេច បំផ្លាញចោល នូវគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន នាពេលកន្លងមកផងដែរ ៕





































