មនុស្សមួយក្រុមដែលដឹកឈើមកធ្វើផ្ទះលើដីមានទំនាស់ជាមួយពលរដ្ឋជាលើកទី២បានប្រញ៉ាប់ប្រញ៉ាល់ដឹកឈើចេញវិញបន្ទាប់ពីដឹងថាពលរដ្ឋប្តឹងទៅតុលាការ

0
  • មនុស្សមួយក្រុមដែលបានលួចដឹកជញ្ជូនឈើបំរ៉ុងយកទៅសង់ផ្ទះលើដីមានទំនាស់ជាមួយប្រជាជនសហគមន៍អូរខ្សាច់នៅទីតាំងភូមិ៤ឃុំអូរត្រេះស្រុកស្ទឹងហាវ ដែលតុលាការកំពុងបន្តនីតិវិធីនៅឡើយ នៅថ្ងៃទី៨កក្កដា២០១៧នេះបានប្រញ៉ាប់ប្រញ៉ាល់ដឹកជញ្ជូនឈើនោះត្រលប់ទៅវិញអស់ហើយ។ក្រុមនេះត្រូវបានគេស្គាល់ថាជាបក្ខពួកឈ្មោះ នូយ ណា ។

កន្លងមកក្រុមនេះធ្លាប់បានដឹកជញ្ជូនឈើយកទៅសង់ផ្ទះនៅលើដីទំនាស់នេះម្តងរួចទៅហើយកាលពីខែមុននេះតែត្រូវប្រជាពលរដ្ឋជាម្ចាស់ដីបានហាមឃាត់មិនអោយធ្វើនិងប្តឹងទៅសាលាស្រុកស្ទឹងហាវជួយអន្តរាគមន៍ក៍ខកខានមិនបានសង់ទៅ។ តែនៅថ្ងៃទី៧កក្កដា២០១៧នេះស្រាប់តែលេចមុខនាំគ្នាដឹកឈើមកលួចធ្វើជាថ្មីទៀត។

 

តាមប្រភពពីប្រជាពលរដ្ឋថា ក្រុម លោក នូយ ណា និង លោក ចាន់ប៊ុនលីនេះ ដំបូងឡើយជាអ្នកស៊ីឈ្នួលចាំដីអោយគេនៅម្តុំនោះលុះក្រោយមកក៍បែកគំនិតច្នៃយកដីពលរដ្ឋនៅក្បែរៗនោះលក់ដូរក្នុងតំលៃថោកៗអោយអ្នកមានលទ្ធភាព។ក្រោយមកទៀតក៍មានទំនាស់រហូតដល់សព្វថ្ងៃនេះ។

 

បើយោងតាមឯកសារផ្ទេរសិទ្ធកាន់កាប់ដីរបស់ឈ្មោះ នូយ ណា ដែលមានចុះហត្ថលេខាទទួលដឹងឮដោយ លោក ឃី សារ៉ាន ជាអនុភូមិ២ និង លោក ហាក់ម៉េង  មេឃុំអូរត្រេះ នេះគឺបញ្ជាក់ថាឈ្មោះ នូយ ណា កើតឆ្នាំ១៩៩៤ តែគាត់បានកាន់កាប់ដីនៅទីនោះតាំងពីឆ្នាំ១៩៩៤ដែរ។មានន័យថា ឈ្មោះ នួយ ណា នេះបានកាន់កាប់ដីនេះតាំងពីកើតមកភ្លាមតែម្តង។

បច្ចុប្បន្នឈ្មោះ នូយ ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋម្ចាស់ដីដាក់ពាក្យប្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។

 

គួរបញ្ជាក់ថាបញ្ហានេះដែរបាននឹងកំពុងធ្វើអោយមហាជនមានការងឿងឆ្ងល់និងដាក់ការសង្ស័យថាលោក ឃី សារ៉ាន អនុភូមិ ៤ និងលោក ហាក់ ម៉េង មេឃុំអូរត្រេះ បានឃុបឃិតគ្នាជាមួយ ឈ្មោះ នូយ ណា និងបក្ខពួកមួយចំនួនទៀតក្នុងការកសាងឯកសារប្រកបដោយភាពមិនប្រក្រតីលើដីធ្លីប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង។

បញ្ហានេះ លោក ឃី សារ៉ាន និង លោក ហាក់ ម៉េង មិនទាន់អាចស្វែងរកការបំភ្លឺបាននៅឡើយ។

តែយ៉ាងណាយើងព្យាយាមរកការបំភ្លឺពីលោកអនុភូមិ៤និងលោកមេឃុំអូត្រេះបន្តទៀតនៅពេលក្រោយ៕

លោក នូយ ណា
បក្ខពួកលោក នូយ ណា