អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការអន្តរាគមន៍បូមទឹក​ សង្គ្រោះផលស្រូវប្រជាកសិករ​ នៅ​ស្រុក​ជើងព្រៃ ជា​លើក​ទី​២

0

កំពង់ចាម​៖​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ បាន​ដឹកនាំ​កម្លាំងក្រុម​ការងារ​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​ និង​ក្រុមការងារ​ខេត្ត​ ចុះ​ត្រួតពិនិត្យ​ អន្តរាគមន៍​ការ​បូមទឹក​ ជួយ​សង្គ្រោះ​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ ជា​ថ្មី​ម្ដង​ទៀត​ កាល​ពី​រសៀល​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ព្រីង​ជ្រុំ​ ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​។
នេះ​ជា​លើក​ទី​២ហើយ​ ដែល​ឯកឧត្តម​ គួច​ ចំរើន​ បាន​ដឹកនាំ​ក្រុម​ការងារ​ ​ចុះ​ជួយ​អន្តរាគមន៍​ បូមទឹក​ជួយ​សង្គ្រោះ​ផល​ស្រូវ​ ជូន​ប្រជាកសិករ​យើង​ ​នៅ​ភូមិ​ព្រីង​ជ្រុំ​ ឃុំ​ព្រីង​ជ្រុំ​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម​​ បើទោះបីជា​រដូវ​នេះ​ មានភ្លៀងធ្លាក់​ជាបន្តបន្ទាប់​ស្ទើទូទាំងប្រទេស តែ​តំបន់​ខាង​លើ​នេះ​ គឺមិនទទួលបាន​ទឹក​ភ្លៀង​ដូច​តំបន់​ផ្សេងៗ​ឡើយ​ ដោយ​នៅតែ​មាន​ការខ្វះខាត​ទឹក​ដូច្នេះ​ ពេលនេះក្រុមការងារបានកំពុង​ ព្យាយាមយ៉ាងសស្រាក់សស្រាំ​ ដើម្បីដំណើរការមា៉សុីនបូមទឹក​ ធ្វើ​យ៉ាងណា​ជួយ​សង្គ្រោះ​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ ដែល​ផ្ទៃដី​សរុប​ត្រូវ​ជួយ​សង្គ្រោះ​ គឺ​មាន​ជាង​៦០០ហិតា​ រហូត​មក​ទល់​ពេល​នេះ​ គឺ​ក្រុម​ការងារ​បូមទឹក​ជួយ​សង្គ្រោះ​ ផល​ស្រូវ​លើ​ផ្ទៃ​ដី​​បាន​ជាង​៣០០ហិតា​រួច​ហើយ​ និង​បន្ត​ការ​ជួយ​សង្គ្រោះ​លើ​ផ្ទៃ​ដី​ដែល​នៅ​សេសសល់​ផង​ដែរ​។
ប្រជាពលរដ្ឋ​​ក៏បាន​ថ្លែង​អំណរគុណ​ដល់ក្រុមការងារ​ ដែល​ទោះបីជាក្តៅយ៉ាងណា ក៏នៅតែតស៊ូដើម្បីជួយដល់ប្រជាកសិករយើង​ ដែល​កំពុង​តែ​ជួប​បញ្ហា​កង្វះ​ទឹក​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ ៕