កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃកាអនុវត្ដរបបសន្តិសុខសង្គម

0

កំពង់ធំៈ លោក ម៉េង ហុង នាយករងបេឡារបបសន្តិសុខសង្គម បានមានប្រសាសន៍ គោលបំណង ផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្ដរបបសន្តិសុខសង្គម និងវឌ្ឍនះភាពរបស់ប.ស.សពីបញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្ដល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិត គ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រលប់មកពីធ្វើការវិញ ប្រសាសន៍នេះ ត្រូវបានថ្លែងក្នុងពិធី កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃកាអនុវត្ដរបបសន្តិសុខសង្គម នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅសាសាខេត្តកំពង់ធំ ។

បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះ បានប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃកាអនុវត្ដរបបសន្តិសុខសង្គមក្រោមអធិបតីភាពលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ លោក ម៉េង ហុងនាយករង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងនិយោជក មា្ចស់សហគ្រាស គ្រឹះស្ថាន រឺតំណាង រួមទាំងជនរងគ្រោះដោយសារគ្រោះថ្នាក់ការងារ ទាំងអស់ដែលស្ថិតនៅក្នុងខេត្ដកំពង់ធំចូលរួមក្នុងពិធីផ្សព្វផ្សាយ។

បច្ចុប្បន្ននេះ ប.ស.ស មានសាខានៅតាមបណ្ដាលរាជធានី ខេត្ដ ទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីកាសរុបចំនួន ៩.០៨៧ សហគ្រាស អនុវត្ដចំពោះសហគ្រាស កម្មករនិយោជិតចាប់ពី ០៨នាក់ឡើង សមាជិកសរុប ១.១៦០.៧៩៤ នាក់ ជាពិសេសមានមន្ទីពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស ចំនួន ១.២៧៨ ព្រមទាំងធ្វើការផ្ដល់តាវកាលិកបានជាង ១៣ម៉ឺននាក់ ផងដែរ ។
អនុក្រឹតលេខ ០១អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្ដីពីការបង្កើតរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែលបានចាប់អនុវត្ដតាំងពីខែឩសភា ឆ្នាំ២០១៦ ផ្នែកថែទាំសុខភាព ។
លោក គង់ វិមាន អភិបាលរងខេត្ដ បានកោតសសើរនិងវាយតំលៃខ្ពស់ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ទាំងអស់ ដែលគោរពច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែរស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារដើម្បីចូលរួមក្នុងការបំពេញកាតព្វកិច្ចចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងបានបង់ភាគទានត្រឹមត្រូវតាមច្បាប់។ ដោយ ផន សុជាតិ